ព័ត៌មានជាតិ

ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ ឆ្នាំ២០២៤ មានអត្តពលិកជាតិ-អន្តរជាតិចូលរួម ៤១១០នាក់

BY
Nisaiy KN
June 16, 2024

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ លើកទី១២ ឆ្នាំ២០២៤ បានបញ្ចប់ដោយស្នាមញញឹម និងជោគជ័យ នៅមុខព្រះបរមរាជវាំងត្រូវដោយទាក់ទាញបានកីឡាករ កីឡាការិនីជាតិ-អន្តរជាតិសរុប ចំនួន ៤១១០នាក់ មកពី៥៧ប្រទេស ដើម្បីអបអរសាទរបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងស្វែងរកថវិកាសប្បុរសធម៌។


មុនឱកាសចេញដំណើរការ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអញ្ជើញអត្តពលិកជាតិ-អន្តរជាតិ លើកដៃប្រណមដើម្បីថ្វាយនូវសព្ទសាធុការពរ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរទាំងអស់គ្នា ដោយថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ព្រះវស្សា។

ឯកឧត្តមបណ្ឌិត ថោង ខុន ថ្លែងថា ឆ្នាំ២០២៤នេះ គណៈកម្មការរៀបចំបានទទួលអ្នកចូលរួមរត់ សរុបចំនួន ៤១១០នាក់ ដែលមានអត្តពលិករត់ ២១គីឡូម៉ែត្រ ៦៤៧នាក់, រត់ ១០គីឡូម៉ែត្រ ចំនួន ១៨៧០នាក់, រត់ ៥គីឡូម៉ែត្រ ១៣៣៧នាក់ និងរត់កម្សាន្ត ២គីឡូម៉ែត្រ មាន២៥៦នាក់ ក្នុងនោះអត្តពលិកជាតិចំនួន ៣៤២២នាក់ និងអន្តរជាតិចំនួន ៦៨៨នាក់។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានថ្លែងអំណរគុណក្នុងការគាំទ្រ និងចូលរួមរបស់អត្តពលិកជាតិ និងអន្តរជាតិទាំងអស់ និងក្រុមហ៊ុនឧបត្ថម្ភគាំទ្រ ព្រមទាំងសាលារាជធានីភ្នំពេញ, កងកម្លាំងសមត្ថកិច្ច, មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងក្រុមយុវជន សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងអាជ្ញាធរ ពាក់ព័ន្ធ ដែលបានចូលរួមសហការជួយរក្សាសន្តិសុខ សុវត្ថិភាពចរាចរ ដល់កីឡាករ កីឡាការិនីជាតិ-អន្តរជាតិ ក្នុងទិវារត់ប្រណាំងនេះ ដើម្បីថែរក្សាសុវត្ថិភាព និងយោគយល់គ្នាក្នុងការរត់ប្រណាំង ដើម្បីក្តីសប្បាយរីករាយ សុខភាព សាមគ្គីភាព និងមិត្តភាពយូរអង្វែង។

ចំពោះជ័យលាភី រួមមាន៖ វិញ្ញាសារត់ពាក់កណ្តាលម៉ារ៉តុង ២១គីឡូម៉ែត្រ ផ្នែកបុរស លេខ១ កីឡាករជប៉ុន Saeki Makino, លេខ២ កីឡាករកម្ពុជា Vann Pheara, លេខ៣ កីឡាករកម្ពុជា Takizaki Kuiaki។ ២១គីឡូម៉ែត្រនារី លេខ១ កីឡាការិនីកម្ពុជា MuyNgim Eng, លេខ២ កីឡាការិនីជប៉ុន Ota Natsuko និងលេខ៣ កីឡាការិនីជប៉ុន Tomoko Okuda។ ១០គីឡូម៉ែត្រផ្នែកបុរស លេខ១ កីឡាករកម្ពុជាទាំង៣នាក់ គឺ Lai Terence, Ouk Rohit និង Chorn Sophann ខណៈ១០គីឡូម៉ែត្រផ្នែកនារី លេខ១ បានទៅលើកីឡាការិនីអៀរឡង់ Rachel Murphy, លេខ២ កីឡាការិនីអូស្រ្តាលី Bee Rosel និងលេខ៣ កីឡាការិនីកម្ពុជា Kan Sreyroth។ ក្រៅពីនេះក៏គណៈកម្មការរកឃើញជ័យលាភីលើវិញ្ញាសា ៥គីឡូម៉ែត្របុរស-នារី និងជ័យលាភីលើវិញ្ញាសារត់កម្សាន្ត២គីឡូម៉ែត្រ សម្រាប់ក្មេងប្រុស-ក្មេងស្រីផងដែរ៕





ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: