ស្រ្តីម្នាក់បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការនូវែលសេឡង់ជុំវិញករណីដែលមិត្តប្រុសរបស់គាត់ខកខានមិនបានជូនគាត់ទៅព្រលានយន្តហោះតាមការសន្យា
- BY
- Pheakdey
- June 21, 2024
នូវែលសេឡង់៖ ស្រ្តីជនជាតិនូវែលសេឡង់ម្នាក់បានសម្រេចដាក់ពាក្យប្តឹងមិត្តប្រុសខ្លួនទៅកាន់តុលាការជុំវិញករណីដែលមិត្តប្រុសរបស់គាត់ខកខានមិនបានជូនគាត់ទៅកាន់ព្រលានយន្តហោះតាមការសន្យា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២១ ខែមិថុនា។ ក្រោយកើតមានរឿងរ៉ាវចម្រូងចម្រាសនេះ ស្រ្តីជាដើមបណ្តឹងក៏បានសម្រេចចិត្តបែកគ្នាជាមួយមិត្តប្រុសរបស់គាត់ ដែលបានស្រលាញ់គ្នាអស់រយៈពេល ៦ឆ្នាំផងដែរ។

ប្រភពខាងលើបានបន្តថា នៅក្នុងថ្ងៃកើតហេតុនោះបុរសដែលបានរងនូវពាក្យបណ្តឹងត្រូវទៅទទួលស្រ្តីជាគូសេ្នហ៍នៅផ្ទះ និងជូនទៅគាត់ទៅព្រលានយន្តហោះ ដើម្បីធ្វើឱ្យគាត់ធ្វើដំណើរទៅទស្សនាការប្រគុំតន្ត្រីធំមួយជាមួយនិងមិត្តភក្តិស្រីៗរបស់គាត់ជាច្រើននាក់ផ្សេងទៀត។ យ៉ាងណាក្តី ដល់ម៉ោងត្រូវចេញដំណើរទៅហើយបុរសជាគូស្នេហ៍នៅតែមិនអាចបង្ហាញខ្លួន ដែលបានធ្វើឱ្យស្រ្តីជាដើមបណ្តឹងត្រូវខកម៉ោងឡើងយន្តហោះ និងត្រូវបាត់បង់ឱកាសសម្រាប់ចូលទស្សនាការប្រគុំតន្ត្រី ដែលគាត់បានគ្រោងទុកផងដែរ។ យ៉ាងណាក្តី ពាក្យបណ្តឹងខាងលើនេះត្រូវបានតុលាការនូវែលសេឡង់ច្រានចោល មិនទទួលដោះស្រាយនោះទេ ដ្បិតវាមិនមែនជាករណីដែលពាក់ព័ន្ធនឹងផ្លូវច្បាប់ឡើយ តែអ្វីដែលជារឿងហួសចិត្តននោះ គឺការសម្រេចចិត្តរបស់ស្រ្តីជាម្ចាស់ដើមបណ្តឹង ដែលបានសម្រេចបោះបង់ស្នេហា និងថែមទាំងប្តឹងមនុស្សខ្លួនធ្លាប់ស្រលាញ់ទៅកាន់តុលាការទៀតផងចំពោះបញ្ហាតូចតាចមួយប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






