អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សេរីភាពសារព័ត៌មាន ត្រូវផ្សារភ្ជាប់នឹងកាតព្វកិច្ច
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា ប្រសាសន៍អំពាវនាវរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នេះ គឺជាការណែនាំក្រើនរំលឹកដល់អ្នកសារព័ត៌មាន(អនឡាញជាពិសេស) អ្នកបង្កើតមាតិកាបណ្តាញសង្គម(MMO) និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងឡាយអំពីភាពចាំបាច់ក្នុងការធានាការលើកកម្ពស់សីលធម៌សង្គម សណ្តាប់ធ្នាប់សាធារណៈ ការគោរពសិទ្ធិ កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងការថែរក្សាវប្បធម៌ ប្រពៃណីល្អក្នុងការរស់នៅប្រាស្រ័យទាក់ទងគ្នាជាប្រចាំរបស់ប្រជាជនកម្ពុជា។
ឯកឧត្តមបន្តថា ការអំពាវនាវនេះគឺជាការក្រើនរំលឹក ដាស់និងពង្រឹងស្មារតីដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាបណ្តាញសង្គម(MMO) និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងឡាយ កុំឱ្យដើរប្រាសចាសពីគន្លងនៃក្រមសីលធម៌វិជ្ជាជីវៈ ក្រមសីលធម៌ក្នុងការរស់នៅក្នុងសង្គម ដែលក្នុងបរិបទប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល មានជនមួយចំនួន ក្នុងចំណោមអ្នកទាំងនេះ ដោយសារតែមហិច្ឆតាក្នុងការស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ឬស្វែងរកប្រជាប្រិយភាពសម្រាប់ខ្លួនឯង បែរជាភ្លេចខ្លួនទៅបំពានក្រមសីលធម៌បុគ្គល បំពានក្រមសីលធម៌នៃការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងបំពានក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្សព្វផ្សាយនិងចែកចាយព័ត៌មាន តួយ៉ាងប្រភេទព័ត៌មានភ្ជាប់ជាមួយរូបភាពដ៏សាហាវឃោរឃៅដែលប៉ះពាល់ដល់ឯកជនភាព សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។
ការអំពាវនាវរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន មានបំណងធានាសិទ្ធិសេរីភាពដោយលើកកម្ពស់បរិយាកាសសង្គមឌីជីថលប្រកបដោយសុវត្ថិភាព ការគោរពសិទ្ធិបុគ្គលទាំងឡាយក្នុងសង្គម និងក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យព័ត៌មាន។ នាពេលកន្លងទៅ ក្រសួងព័ត៌មាន និង អ្នកនាំពាក្យរបស់ក្រសួង ក៏ធ្លាប់បានណែនាំផងដែរអំពីផលវិបាកនៃការផ្សព្វផ្សាយ រាប់បញ្ចូលការចែករំលែកព័ត៌មានតាមបណ្តាញសង្គមផងដែរ- ដោយបង្ហាញរូបភាពសោកនាដកម្មផ្សេងៗ រូបអាសអាភាស រូបបង្ហាញភាពឃោរឃៅ សកម្មភាពហិង្សាយ៉ាងចំហរស្រស់ៗដោយមិនមានបិទបាំងត្រឹមត្រូវតាមបទដ្ឋានវិជ្ជាជីវៈក្នុងការផ្សាយព័ត៌មាន ឬប្រភេទរូបភាពផ្សេងទៀតដែលប៉ះពាល់ដល់ការថែរក្សាសាសនា វប្បធម៌ ប្រពៃណីល្អរបស់ជាតិ ដល់សីលធម៌ និងសេចក្តីថ្លៃថ្នូរក្នុងសង្គម និងប៉ះពាល់ដល់សិទ្ធិឯកជនភាព សិទ្ធិនិងតម្លៃរបស់អ្នកដទៃ។
អ្នកនាំពាក្យដដែលសង្កត់ធ្ងន់ថា សិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន គឺជាសិទ្ធិមូលដ្ឋាន និងត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពសារព័ត៌មានត្រូវផ្សារភ្ជាប់នឹងកាតព្វកិច្ចផងដែរ និងត្រូវអនុលោមតាមក្របខណ្ឌនៃច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធ ព្រមទាំងត្រូវគោរពតាមក្រមសីលធម៌ឱ្យបានត្រឹមត្រូវ ដើម្បីធានាសន្តិសុខព័ត៌មាន ជំនឿទុកចិត្តក្នុងសង្គម ប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈ។
ក្នុងបរិបទនៃការធានាសណ្តាប់ធ្នាប់និងក្រមសីលធម៌នេះដែរ ក្រសួងព័ត៌មាន កាលពីពាក់កណ្តាលខែមេសាកន្លងទៅ បានរៀបចំសិក្ខាសាលាដើម្បីប្រមូលធាតុចូលពីអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន ដើម្បីរៀបចំសេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលកំណត់គោលការណ៍គ្រឹះរួមស្តីពីក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់តួអង្គពាក់ព័ន្ធទាំងអស់យកទៅអនុវត្ត ខណៈសង្គមកម្ពុជាកំពុងដើរស្របនឹងការវិវត្តឥតឈប់ឈរនៃបច្ចេកវិទ្យា។ វាជាកិច្ចការចំបងមួយដែលរាជរដ្ឋាភិបាល ក្រសួងព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ ដើម្បីគ្រប់គ្រងឱ្យមានប្រសិទ្ធភាពស្របតាមសម័យកាល និងតម្រូវក្នុងសង្គម ក្នុងក្របខណ្ឌការលើកកម្ពស់គុណភាព សីលធម៌ និងតម្លៃវិជ្ជាជីវៈសម្រាប់អាជីពសារព័ត៌មាននៅកម្ពុជា។ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ក្រោយពេលត្រូវបានបង្កើតឡើងហើយ នឹងក្លាយទៅជាស្តង់ដាប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈរបស់ជាតិសម្រាប់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើប គោរពនិងប្រតិបត្តិតាម សំដៅបន្តរួមចំណែកអភិវឌ្ឍន៍ឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការបន្តផ្តល់បរិយាកាសអំណោយផលសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវវិជ្ជាជីវៈ នូវសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិនៅកម្ពុជា ខណៈរួមគ្នាយ៉ាងសកម្មក្នុងការលើកកម្ពស់សីលធម៌រស់នៅល្អ និងគុណតម្លៃវិជ្ជាជីវៈក្នុងសង្គមឌីជីថល៕

ប្រភព៖ ក្រសួងព័ត៌មាន