ព័ត៌មានជាតិ

អបអរសាទរ! រថយន្តដឹកជញ្ជូនទំនិញសាកល្បង«EH Trial Run» ពីប្រទេសចិន លើចម្ងាយផ្លូវជាង២០០០គីឡូម៉ែត្រ បានមកដល់រាជធានីភ្នំពេញ ដោយជោគជ័យ

BY
srey nuch
June 28, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នាថ្ងៃព្រហស្បតិ៍ ទី ២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ក្បួនរថយន្តពីទីក្រុងគុនមីន (ប្រទេសចិន) កាត់តាមប្រទេសឡាវ ប្រទេសថៃ និងមកបញ្ចប់គោលដៅចុងក្រោយ នៅរាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីលោក Phanthaphap Phounsavath អគ្គនាយករង និងជាតំណាងឯកឧត្ដមអនុរដ្ឋមន្ត្រីដឹកជញ្ជូនសាធារណរដ្ឋប្រជាមានិតឡាវ លោកស្រី Wang Xiuchun អគ្គនាយិការង និងជាប្រធានប្រតិភូនៃក្រសួងដឹកជញ្ជូនចិន លោក Anthony Gill តំណាងធនាគារអភិវឌ្ឍន៍អាស៊ី ប្រតិភូតំណាងប្រទេសចិន កម្ពុជា ឡាវ ថៃ និងទីប្រឹក្សានៃគម្រោងផងដែរ។

ក្បួនរថយន្តចំនួន ០៧គ្រឿង នេះបានធ្វើដំណើរចំណាយជាង ២ ០០០ គ.ម ដោយយានយន្តដឹកទំនិញ ០៥គ្រឿង បានដឹកបន្លែស្រស់ សម្ភារការិយាល័យ គ្រឿងសង្ហារិម និងទំនិញផ្សេងៗទៀត និងយានយន្តដឹកអ្នកដំណើរចំនួន ០២គ្រឿងទៀត បានដឹកប្រតិភូមហាអនុតំបន់មេគង្គ ប្រតិបត្តិករដឹកជញ្ជូន អ្នកជំនាញការ និងអ្នកកាសែតផងដែរ។

ការប្រើប្រាស់កិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃមហាអនុតំបន់មេគង្គ (GMS CBTA) អាចជួយឱ្យប្រតិបត្តិករដឹកជញ្ជូន កាត់បន្ថយពេលវេលាដែលត្រូវការសម្រាប់ការជម្រះបែបបទពាក់ព័ន្ធ ឬនីតិវិធីឆ្លងកាត់ព្រំដែនជាអន្តរជាតិ ដោយមិនតម្រូវឱ្យមានការលើកដាក់ ទំនិញ ឡើងវិញ ចំពោះអ្នកដំណើរនៅតែ អាចអង្គុយលើយានយន្តដឹកអ្នកដំណើរនោះដដែល។ លិខិតអនុញ្ញាតដឹកជញ្ជូនតាមផ្លូវគោករបស់ GMS CBTA គឺមានសុពលភាពក្នុងប្រទេសសមាជិក GMS ទាំង៦ ដូចៗគ្នា។

តាមកិច្ចព្រមព្រាង សម្រាប់ប្រទេសសមាជិក GMS នីមួយៗ មានកូតាយានយន្តចំនួន ៥០០ គ្រឿង (យានយន្តដឹកទំនិញ និងយានយន្តដឹកអ្នកដំណើរ) អនុញ្ញាតឱ្យប្រតិបត្តិករដឹកជញ្ជូនអាចដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមបណ្តាញផ្លូវតភ្ជាប់ប្រទេស GMS ទាំង៦ (កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម)។

សូមបញ្ជាក់ផងដែរថា មហាអនុតំបន់មេគង្គ គឺជាក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមួយដែលមានសមាជិកចំនួន ០៦ប្រទេស រួមមាន៖ ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាមានិតចិន (ខេត្តយូណាន និងតំបន់ស្វយ័តក្វាងស៊ី ជុង) សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា ព្រះរាជាណាចក្រថៃ និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ចំពោះកិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃមហាអនុតំបន់មេគង្គ (ហៅកាត់ថា GMS CBTA) គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយរបស់មហាអនុតំបន់មេគង្គ (GMS) ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូនផ្លូវគោកជាអន្តរជាតិ និងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជាសមាជិក GMS ជាធ្លុងមួយឱ្យអស់ពីលទ្ធភាព ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវថ្នល់៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Share This Post: