ព័ត៌មានជាតិ

ខ្ចីម៉ូតូគេជិះមិនឃើញយកមកសង ម្ចាស់ក៏ទៅប្តឹងសមត្ថកិច្ច ត្រូវជនសង្ស័យលើកគ្នាជាច្រើននាក់ទៅកា-ប់ជនរងគ្រោះដល់ផ្ទះ ក្នុងក្រុងប៉ោយប៉ែត

BY
srey nuch
June 29, 2024

ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ករណីខ្ចីម៉ូតូគេជិះមិនឃើញយកមកសង ម្ចាស់ទៅប្តឹងសមត្ថកិច្ច ត្រូវជនសង្ស័យលើកគ្នាជាច្រើននាក់ទៅកាប់ ជនរងគ្រោះដល់ផ្ទះ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅភូមិសាមគ្កីមានជ័យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជនបង្កត្រូវបាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបានជាបន្តបន្ទាប់។

យោងតាមពាក្យបណ្តឹង ជនរងគ្រោះមានឈ្មោះ សេង រតនា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រាយការណ៍ថា៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ពេលល្ងាច ខ្លួនបានខ្ចីម៉ូតូពីឈ្មោះណាក់ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ គ្មានស្លាកលេខ នៅបុរីដួងចន្ទ និងបានជិះទៅអគារថ្មី ពេលទៅដល់ក៏ជួបឈ្មោះ ហុង ចយ ភេទប្រុស អាយុ២០ឆ្នាំ និងឈ្មោះ សៀន នៅទីនោះ ហើយពួកគេក៏សុំខ្ចីសាកជិះ លុះវេលាម៉ោង ១៧៖០០ជាងល្ងាច ក៏បានបាត់ឈ្មោះ ហុង ចយ និងម៉ូតូ ហើយឈ្មោះ សៀន ក៏បានជូនខ្លួនមកហាងវិញ និងប្រាប់ថាគេនឹងទៅរកអាហុងចយ។

ដោយមិនឃើញឈ្មោះ ហុង ចយ យកមកម៉ូតូមកសងវិញ ជនរងគ្រោះបាននាំគ្នាទៅដាក់ពាក្យបណ្តឹងឲ្យនគរបាលជួយអន្តរាគមន៍ ។ ស្រាប់តែនៅយប់ទី២៦ ខែមិថុនា ឆ្នាំ២០២៤ និងយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ជនសង្ស័យបានលើកគ្នាជាច្រើននាក់ ជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយ.កាំ.បិត. និងកាំ.ភ្លើង.ខ្យល់. បានចូលមកដេញកាប់ជនរគ្រោះដល់ក្នុងផ្ទះមួយកន្លែងនៅជិតខារ៉ាអូរខេ៦១៩ តែត្រូវជនរងគ្រោះនាំគ្នារត់គេចខ្លួនទាន់។

ក្រោយទទួលបានពត៌មាននិងពាក្យបណ្តឹងជនរងគ្រោះ លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់កម្លាំងនគរបាលផែនព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ យកមកសួរនាំជុំវិញករណីខាងលើ ដើម្បីចាត់ការបន្តតាមនីតិវិធី។

គួរបញ្ជាក់ផងដែរថា កម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ តែងតែពង្រឹងការយាមល្បាត បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង ជាប្រចាំ ហើយសកម្មភាពនេះ គឺនគរបាលយើងបន្តធ្វើដូចភ្លៀងរលឹម ដើម្បីធានាបាននូវសន្តិសុខសណ្តាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ- BMC Province Commissariat Of Police

Share This Post: