ព័ត៌មានជាតិ

អបអរសាទរ! ទូកនាគកម្ពុជាឈ្នះមេដាយមាស១គ្រឿង លើវិញ្ញាសាចុងក្រោយ ការប្រកួតទូកនាគអន្តរជាតិ នៅរុស្ស៊ី

BY
srey nuch
July 1, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមជម្រើសជាតិទូកនាគកម្ពុជាបានយកឈ្នះមេដាយមាស១គ្រឿង លើវិញ្ញាសា ចម្ងាយ ២០០០ម៉ែត្រ ដោយបានធ្វើសម្រេចបានលទ្ធផលខ្ពស់ជាងគេ ក្នុងចំណោមបណ្តាប្រទេសជាច្រើន នៅវគ្គផ្តាច់ព្រ័ត្រ ដែលជាវិញ្ញាសាចុងក្រោយគេនៃថ្ងៃបញ្ចប់ព្រឹត្តិការណ៍ប្រកួតទូកនាគអន្តរជាតិ (International Dragon Boat Festival នៅល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសរុស្ស៊ី។

ក្រុមទូកនាគកម្ពុជា ដែលឈ្នះមេដាយមាស១គ្រឿង លើវិញ្ញាសាចម្ងាយ ២០០០ម៉ែត្រនេះ គឺធ្វើសម្រេចបានក្នុងថិរៈវេលា 9:10.117 ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី មេដាយប្រាក់ ធ្វើសម្រេចក្នុងថិរៈវេលា 9:15.587 ខណៈប្រទេសអ៊ូសបេគីស្ថាន ទទួលបានមេដាយសំរឹទ្ធ ធ្វើសម្រេចក្នុងថិរៈវេលា 9:19.505។

ក្រុមជម្រើសជាតិទូកនាគកម្ពុជាទទួលបានជ័យជ័យយ៉ាងធំធេង ក្នុងការដណ្តើមបានមេដាយសរុប៣គ្រឿងមាស១គ្រឿង និងសំរឹទ្ធ២គ្រឿងពីការប្រកួតកីឡាកីឡាទូកនាគអន្តរជាតិ យកមកជូនជាតិមាតុភូមិ នៅក្នុងព្រឹត្តិការណ៍ប្រកួតទូកនាគអន្តរជាតិ នៅប្រទេសរុស្ស៊ី ដោយក្រុមកម្ពុជាប្រកួតលើ៣វិញ្ញាសា គឺឈ្នះមេដាយទាំង៣វិញ្ញាសា។

បើតាមប្រសាសន៍ ឯកឧត្តម ចាយ ស៊ីជឿន អគ្គលេខាធិការរង សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ទទួលបន្ទុកជាប្រធានប្រតិភូបានឱ្យដឹងថា ជោគជ័យដណ្តើមមេដាយមាស និងសំរឹទ្ធទាំង៣គ្រឿងនេះ គឺជាមោទកភាពរបស់កម្ពុជា ដែលកើតចេញពីការខិតខំប្រប្រឹងរបស់កីឡាករ និងការលើកទឹកឧបត្ថម្ភគាំទ្រយ៉ាងយកចិត្តទុកពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។

ព្រឹត្តិការណ៍អន្តរជាតិ នៅប្រទេសរុស្ស៊ី នេះមាន៩ប្រទេសចូលរួម ក្នុងនោះ ម្ចាស់ផ្ទះ រុស្ស៊ី កម្ពុជា ឥណ្ឌូណេស៊ី ម៉ាយ៉ាន់ម៉ា ហ្វីលីពីន ឥណ្ឌា អ៊ូសបេគីស្ថាន វៀតណាម និង ម៉ាឡេស៊ី ខណៈដែលប្រទេសរុស្ស៊ីម្ចាស់ផ្ទះមានច្រើនទូកចូលរួម។ គួរបញ្ជាក់ថា ការប្រកួតកីឡាទូកនាគអន្តរជាតិ នៅប្រទេសរុស្ស៊ីដំណើរការប្រកួតពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងនោះកម្ពុជាចូលរួមលើ៣វិញ្ញាសាទូកនាគបុរសចំណុះ១២នាក់ វិញ្ញាសា ២០០ម៉ែត្រ ៥០០ម៉ែត្រ និង២០០០ម៉ែត្រ ក្នុងចំណោម៣វិញ្ញសានេះ កម្ពុជាដណ្តើមបានមេដាយសរុប៣គ្រឿង មេដាយមាស១គ្រឿង និងសំរឹទ្ធ២គ្រឿង៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: