ព័ត៌មានជាតិ

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល អំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នចំពោះការទិញផលិតផលតាមអនឡាញគ្មានប្រភពច្បាស់លាស់

BY
srey nuch
July 1, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា ការឆបោកប្រាក់តាមរយៈការទិញផលិតផលតាមអនឡាញ (Internet Purchasing Scam) សំដៅលើការទិញទំនិញ ឬសម្ភារៈនៅលើអនឡាញ ដោយពុំទទួលបានទំនិញ ឬសម្ភារៈនោះឡើយ។ ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាបានបង្កើតគណនីបណ្តាញសង្គម និងគេហទំព័រ ក្លែងក្លាយដើម្បីធ្វើការផ្សព្វផ្សាយលក់ទំនិញ ក្នុងគោលបំណងឆបោកជនរងគ្រោះតាមរយៈបណ្តាញសង្គម និងគេហទំព័រនានាដូចជា Instagram, TikTok និងFacebook ជាដើម។

ថ្មីៗនេះមន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានទទួលសេចក្តីរាយការណ៍ពីជនរងគ្រោះដែលបានចាញ់ល្បិចឆបោកក្រុមឧក្រិដ្ឋជនជនខិលខូចតាមរយៈការទិញទំនិញនៅលើបណ្តាញសង្គម ក្រុមឧក្រិដ្ឋជនបានប្រើវិធីសាស្រ្តបោកប្រាសជនរងគ្រោះឱ្យទិញទំនិញដូចខាងក្រោម៖
១. សម្ភារៈ ឬទំនិញលក់ជូនក្នុងតំលៃទាបជាងទីផ្សារ
២. មានសារសម្លេង និងការសរសេររៀបរាប់ពេញចិត្តនឹងទំនិញ( Feedback)
៣. មានទីតាំង និងអាស័យដ្ឋានលក់ដូរច្បាស់លាស់
៤. មានរូបភាពវិក្ក័យបត្រភ្ជាប់នឹងរូបភាពសម្ភារៈទាំងនោះ។

ក្រោយពីចរចាគ្នារួចជនរងគ្រោះបានយល់ព្រមទិញទំនិញ។ បន្ទាប់មកជនខិលខូចបានផ្ញើរូបភាពសម្ភារៈ ដែលមានការសរសេរឈ្មោះ លេខទូរសព្ទ អាសយដ្ឋានជនរងគ្រោះ និងផ្ញើរូបភាពទំនិញទៅឱ្យជនរងគ្រោះដើម្បីមានការជឿជាក់។ ជនខិលខូចបានតម្រូវឱ្យជនរងគ្រោះធ្វើការផ្ទេរប្រាក់តាមរយៈ KHQR ឬតាមប្រព័ន្ធធនាគារឯកជននានា ក្រោយពីទទួលប្រាក់នោះរួចហើយ ស្រាប់តែធ្វើការ block chat ជនរងគ្រោះ ព្រមទាំងលុបចោលរាល់ការសន្ទនាទាំងអស់ ។

មន្ត្រីជំនាញសូមធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះការទិញទំនិញអនឡាញដូចខាងក្រោម៖
១. សូមត្រួតពិនិត្យគេហទំព័រលក់ទំនិញអនឡាញឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តទិញ
២. កុំធ្វើការវេរប្រាក់ មុនពេលមិនទាន់ទទួលបានទំនិញ
៣. ករណីសង្ស័យ គួរសួររកបញ្ជាក់ទីតាំង និងទៅទិញទំនិញផ្ទាល់
៤. សូមរាយការណ៍មកសមត្ថកិច្ចជំនាញដើម្បីជួយស្វែងរកដំណោះស្រាយ ៕

ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ General Department of Digital Technology and Media

Share This Post: