ព័ត៌មានជាតិ

សមត្ថកិច្ច រកឃើញបំណែកសាច់បង្កកហាមឃាត់ជាង ៤ពាន់គីឡូក្រាម លួចលាក់នាំចូលពីប្រទេសវៀតណាម-ថៃ

BY
srey nuch
July 1, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ អង្គភាពគយនិងរដ្ឋាករក្រោមឱវាទអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាបនិងដុតកម្ទេចទំនិញហាមឃាត់នាំចូល ជាបំណែកសាច់បង្កកចំនួន ២ ករណី ស្មើនឹង ៤ ៣២៩គីឡូក្រាមដូចខាងក្រោម៖

១- មឹក ១ ២១០ គីឡូក្រាម, ពោះវៀនជ្រូក ១ ៩៧០គីឡូក្រាម និងជើងមាន់ ៩២៤ គីឡូក្រាម សរុប ៤ ១០៤ គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យគយនិងរដ្ឋាករដូង នៃសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង និងមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីនគរបាល នៅក្នុងភូមិសាស្ត្រឃុំអណ្តូងពោធិ ស្រុករមាសហែក ខេត្តស្វាយរៀង នាពេលដឹកជញ្ជូនតាមម៉ូតូសណ្តោងរ៉ឺម៉ក ៣ គ្រឿង លួចលាក់នាំចូលពីប្រទេសវៀតណាម តាមមាត់ច្រករបៀង។

២- ចុងស្លាបមាន់ ២២៥ គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យគយនិងរដ្ឋាករដូង នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង បង្ក្រាបនិងដកហូតពីឈ្មួញដែលលួចលាក់បង្កប់ក្នុងទំនិញដទៃនាំចូលពីប្រទេសថៃ តាមផែស្ងួតដូង ៕

ប្រភព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា General Department of Customs and Excise

Share This Post: