ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់នៅឥណ្ឌាបានបណ្តាលឱ្យមនុស្ស ១១នាក់បានបាត់បង់ជីវិត
- BY
- Pheakdey
- July 1, 2024
ឥណ្ឌា៖ ប៉ុន្មានខែចុងក្រោយនេះប្រទេសឥណ្ឌាបានរងនូវការគំរាមគំហែងយ៉ាងខ្លាំងពីបញ្ហារលកកម្តៅ ដែលបានបណ្តាលឱ្យមានមនុស្សជាច្រើននាក់ត្រូវស្លាប់បាត់បង់ជីវិត។ ចប់ពីបញ្ហារលកកម្តៅភ្លាមនៅក្នុងសប្តាហ៍នេះរដ្ឋធានីញូវដេលីរបស់ឥណ្ឌាក៏ត្រូវប្រឈមនឹងបញ្ហាធម្មជាតិមួយផ្សេងទៀតគឺភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈពេលខ្លះភ្លៀងបានធ្លាក់ក្នុងបរិមាណយ៉ាងច្រើនមិនធ្លាប់មាននោះទេ បើគិតក្នុងរយៈពេល ៨៨ឆ្នាំចុងក្រោយនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានឱ្យដឹង ឥទ្ធិពលរបស់ទឹកភ្លៀងក្នុងរយៈពេល ១សប្តាហ៍នេះក៏បានបណ្តាលឱ្យមានពលរដ្ឋឥណ្ឌាចំនួន ១១បានត្រូវស្លាប់បាត់បង់ជីវិតផងដែរ។

បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា នៅក្នុងចំណោមអ្នកស្លាប់បាត់បង់ជីវិតទាំង ១១នាក់នោះគឺបានស្លាប់ដោយសារហេតុផលផ្សេងៗគ្នាដូចជា ត្រូវដំបូលអាគារបាក់មកសង្កត់ស្លាប់ ជួបគ្រោះថ្នាក់ពេលធ្វើដំណើរក្នុងអំឡុងពេលមេឃកំពុងភ្លៀងខ្លាំង ខណៈនៅក្នុងនោះមានជនរងគ្រោះចំនួន ៤នាក់បានស្លាប់ដោយសារលង់ទឹកក្នុងពេលក្នុងពេលកំពុងធ្វើដំណើរនៅលើផ្លូវរូងក្រោមដី។ ប្រភពខាងលើបានបន្តថាក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយឥទ្ធិពលរបស់ភ្លៀងក៏បានជះឥទ្ធិពលអាក្រក់មួយចំនួនទៀតដែរដូចជា កកស្ទះចរាចរណ៍ ដាច់ភ្លើងអគ្គិសនី ហើយជើងហោះហើរជាង៦០ជើងត្រូវបានពន្យាពេល និងលុបចោលជាបន្ទាន់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






