ព័ត៌មានជាតិ

ដំណឹងល្អ! រដ្ឋប្រកាសលើកលែងការផាកពិន័យរយៈពេល ១ឆ្នាំ ចំពោះគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ឬខុនដូ

BY
srey nuch
July 2, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការលើកលែងការផាកពិន័យផ្សេងៗ ចំពោះគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ឬខុនដូ រយៈពេល ១ឆ្នាំ គិតចាប់ពីថ្ងៃនេះតទៅ។

យោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃវេទិការាជរដ្ឋាភិបាលកម្ពុជា-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ពាក់ព័ន្ធវិធានការគាំទ្រដល់វិស័យសំណង់និងអចលនទ្រព្យ និងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការអនុវត្តប្រកាសលេខ ០៤៧ អ.ស.ហ.ប្រក ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពី វិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាត អាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបទប្បញ្ញត្តិពាក់ព័ន្ធ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សូមជម្រាបជូនដូចខាងក្រោម៖

១. លើកលែងការផាកពិន័យផ្សេងៗ ចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) ប៉ុន្តែ ក្រុមហ៊ុនអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) ចាំបាច់ត្រូវបំពេញកាតព្វកិច្ចស្របតាមប្រកាសលេខ ០៤៧ អ.ស.ហ.ប្រក ខាងលើ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ដោយឡែក ចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) ដែលគ្មានអាជ្ញាបណ្ណ ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនៅនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។

២. ការលើកលែងការផាកពិន័យនេះមានសុពលភាពរយៈពេល ០១ (មួយ)ឆ្នាំ ចាប់ផ្តើមអនុវត្តពីថ្ងៃចេញ សេចក្តីជូនដំណឹងនេះ និងអាចបន្តទៀតតាមការសម្រេចរបស់រាជរដ្ឋាភិបាល។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាអ្នក អភិវឌ្ឍលំនៅឋាន ឬ អគារសហកម្មសិទ្ធិ (ខុនដូ) មេត្តាជ្រាបជាព័ត៌មាននិងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ប្រភព៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ

Share This Post: