ព័ត៌មានជាតិ

កោះហៅមន្ត្រីនគរបាលចរាចរណ៍ ២រូប ឈរជើងនៅគោលដៅស្តុបណតប្រ៊ីឌ ផ្លូវ២០០៤ បន្ទាប់ពីកាក់ចាប់ចង្កូតម៉ូតូប្រជាពលរដ្ឋបណ្តាលឱ្យដួល

BY
srey nuch
July 2, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានដែលបង្ហោះលើបណ្តាញព័ត៌មានសង្គមនៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា០២នាក់ ដែលឈរជើងនៅគោលដៅស្តុបណតប្រ៊ីឌ ផ្លូវ២០០៤ ខណ្ឌសែនសុខ ជាមួយគ្នានោះមន្រ្តីជាប់កិច្ចសន្យា បានកាក់ចាប់ដៃចង្កូតម៉ូតូប្រជាពលរដ្ឋ០១គ្រឿង នៅគោលដៅស្តុបណតប្រ៊ីឌ ផ្លូវ២០០៤ ខណ្ឌសែនសុខ បណ្តាលឲ្យដួល ដែលនាំឲ្យរងការរិះគន់ពីប្រជាពលរដ្ឋអ្នកលេងក្នុងបណ្តាញសង្គម។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរងទទួលការងារចរាចរណ៍ និងលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កោះហៅមន្រ្តីទាំង០២នាក់ នៅចំណុចគោលដៅខាងលើ មកសួរនាំជុំវិញបញ្ហានេះ។

បច្ចុប្បន្នមន្រ្តីចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យាទាំង០២នាក់ ត្រូវផ្អាកការងារបណ្តោះអាសន្ន រង់ចាំសុំគោលការណ៍និងបទបបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យសម្រេច៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: