ព័ត៌មានជាតិ

កុំព្រហើន! បុរសម្នាក់នេះ បើករថយន្តបញ្រ្ចាសទិសផ្លូវ លើផ្លូវល្បឿនលឿន ត្រូវបានសមត្ថកិច្ចកោះហៅមកផាកពិន័យ

BY
srey nuch
July 3, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ ពីលោកឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្នាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ នៅព្រឹកថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ នៅវេលាម៉ោង ៧៖០០នាទី កម្លាំងប្រចាំការលើផ្លូវល្បឿនលឿន បានធ្វើការឃាត់រថយន្ត ១គ្រឿងម៉ាក TOYOTA CAMRY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2T… ដែលបានបើកបរបញ្រ្ចាសទិសចរាចរណ៍ នៅចំនុច K28 ទិសដៅ ព្រះសីហនុ-ភ្នំពេញ។

បន្ទាប់ពីបានឃាត់សួរនាំ និងពន្យល់ពីហានិភ័យដែលអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ដោយសារការបើកបរបញ្រ្ចាសទិសចរាចរណ៍ អ្នកបើកបរបានយល់ពីកំហុស ដោយបានធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច និងទទួលយកការពិន័យទៅតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា។

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ សូមអំពាវនាវដល់សាធារណៈជន សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុខសុវត្ថិភាព ផ្ទាល់ខ្លួនក៏ដូចជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ និងសូមថ្លែងអំណរគុណដល់សាធារណជន ដែលបានផ្ដល់ព័ត៌មាន មកដល់សមត្ថកិច្ច ៕

ប្រភព៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ

Share This Post: