ព័ត៌មានជាតិ

អ្នកឧកញ៉ា ម៉ៅ ចំណាន លើកឡើងថា សមាគមសិល្បករខ្មែរ គ្រោងចេញវិញ្ញាបនបត្របញ្ជាក់ពីអាជីពរបស់សិល្បករ

BY
srey nuch
July 3, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកឧកញ៉ា ម៉ៅ ចំណាន បានគូសបញ្ជាក់ថា សមាគមសិល្បករខ្មែរ គ្រោងចេញវិញ្ញាបនបត្របញ្ជាក់ពីអាជីពរបស់សិល្បករ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ តាមតម្រូវការជាក់ស្តែង និងការទទួលបាននូវមូលនិធិទ្រទ្រង់របស់សមាគមដល់សមាជិក។

ការលើកឡើងរបស់អ្នកឧញ៉ា បានធ្វើឡើងនៅក្នុងឱកាសដឹកនាំ ក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤នេះ។

អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានរាយការណ៍ជូនសម្ដេចធិបតីអំពីសមិទ្ធផលការងារ ដែលសមាគមសិល្បករខ្មែរ សម្រេចបាននាពេលកន្លងមក, ការរៀបចំកែសម្រួលរចនាសម្ព័ន្ធដឹកនាំ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម ព្រមទាំងការរៀបចំផែនការសកម្មភាព និងទិសដៅការងាររបស់សមាគម ក្នុងការអនុវត្តការងាររបស់ខ្លួន ដោយផ្តោតលើសកម្មភាពចំបងមួយចំនួន រួមមាន៖

១).​ ការប្រមូលចងក្រងសមាជិករបស់សមាគម ដែលផ្តោតលើសិល្បករដែលមានអាជីពសម្តែងសកម្ម សិល្បករដែលបាត់បង់សមត្ថភាពសម្តែង អតីតសិល្បករ និងសិល្បករមហាជន
២).ការផ្តល់នូវអត្ថប្រយោជន៍មួយចំនួនដល់សមាជិករបស់សមាគមសិល្បករខ្មែរ តាមរយៈសេវាជួយសង្គ្រោះជិវិត(ការផ្តល់ឈាម)​ សេវាជំនួយផ្នែកច្បាប់ផងដែរ។

សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារ ជាមួយអ្នកឧកញ៉ា ម៉ៅ ចំណាន និងសហការី និងបានអបអរសាទរជាថ្មីម្តងទៀតចំពោះអ្នកឧកញ៉ា ដែលទទួលបានសេចក្តីទុកចិត្ត និងត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានសមាគមសិល្បករខ្មែរ សម្រាប់អាណិត្តថ្មីនេះ។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានកោតសរសើរចំពោះការសម្រេចបាននូវលទ្ធផលការងាររបស់សមាគម ក៏ដូចជាការរៀបចំកែសម្រួលរចនាសម្ព័ន្ធ និងការដាក់ចេញនូវផែនការសកម្មភាព និងទិសដៅការងាររបស់សមាគម ក្នុងការចូលរួមចំណែកទ្រទ្រង់ និងប្រមូល ចងក្រងនូវសិល្បករ សិល្បការិនី គ្រប់ទម្រង់ និងការផ្តល់ឱកាសចូលរួមក្នុងការថែរក្សាវប្បធម៌ប្រពៃណី និងការលើកកម្ពស់នូវស្នាដៃសិល្បៈរបស់ជាតិផងដែរ។

ឆ្លៀតនាឱាសនោះ សម្តេចធិបតី បានផ្តល់នូវអនុសាសន៍ណែនាំដល់សមាគមបន្តអនុវត្តការងារសំខាន់ៗចំនួន ៣ ដែលរួមមាន៖

១.លើកទឹកចិត្តឱ្យសមាគមចូលរួមសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការសិក្សាស្រាវជ្រាវចងក្រងឯកសារគោល និងកំណត់អត្តសញ្ញាណនៃស្នាដៃសិល្បៈឱ្យបានច្បាស់លាស់

២.ចូលរួមផ្សព្វផ្សាយនូវស្នាដៃសិល្បៈឱ្យកាន់តែទូលំទូលាយ តាមរយៈការរៀបចំបង្កើតព្រឹត្តិការណ៍ ឬសកម្មភាពផ្សេងៗ ដើម្បីឱ្យសាធារណជនបានយល់ដឹងអំពីវប្បធម៌សិល្បៈដ៏ផូរផងរបស់ជាតិ

៣.បន្តជំរុញការចូលរួមអនុវត្តប្រកបដោយភាពបត់បែននូវស្នាដៃសិល្បៈវប្បធម៌ ដោយឈរលើមូលដ្ឋានជាក់លាក់ និងច្បាស់លាស់ ដើម្បីលើកកម្ពស់ និងជំរុញទីផ្សារ ដោយធានាបាននូវនិរន្តភាព និងចីរភាពនៃវិស័យសិល្បៈ ប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងលើកទឹកចិត្តឱ្យសមាគមជំរុញការអនុវត្តក្រមសីលធម៌នៃអ្នកសិល្បៈឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ និងចូលរួមផ្សព្វផ្សាយសារអប់រំផ្សេងៗ ដូចជាការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងខិតខំចូលរួមចំណែកផលិតនូវមាតិកាដើមដោយខ្លួនឯង (Original Content) ផងដែរ។

សូមបញ្ជាក់ជូនថា សមាគមត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយគិតមកដល់ពេលបច្ចុប្បន្ននេះ មានអាយុកាល ១៨ ឆ្នាំ ឬ ៦ អាណត្តិមកហើយ។ សមាគមបានចូលរួមដល់ការលើកកម្ពស់តម្លៃសីលធម៌សង្គមរបស់សិល្បករខ្មែរ ដើម្បីរក្សាឱ្យបាននូវកិត្តិយសស័ក្តិសមជាសិល្បករ សិល្បការិនីតំណាងជាតិ តាមរយៈការអភិរក្ស អភិវឌ្ឍន៍សិល្បៈវប្បធម៌ជាតិ និងចងក្រងសមាជិកដែលជាកម្លាំងស្នូល។ សមាគមបានរកៀរគរសប្បុរសជន និងអ្នកមានលទ្ធភាព ដើម្បីជួយដល់ការលើកស្ទួយសិល្បៈ និងវប្បធម៌ ជាពិសេស គឺស្វែងរកធនធាន សម្រាប់ការបណ្តុះបណ្តាល និងដុសខាត់សមត្ថភាពយុវសិល្បករ ឱ្យបង្កើតនូវស្នាដៃសិល្បៈថ្មីៗ។

ជាមួយគ្នានេះ សមាគមសិល្បករខ្មែរ បានរួមចំណែកអភិរក្ស ផ្សព្វផ្សាយ លើកកម្ពស់ និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ជាតិ ជួយគាំពារជីវភាពសិល្បករចាស់ជរា ឬបាត់បង់សមត្ថភាពសម្តែង ក៏ដូចជាចូលរួមក្នុងកិច្ចការសង្គម និងមនុស្សធម៌ ស្របតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: