ព័ត៌មានជាតិ

រយៈពេល៦ខែ! ឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងគួរឱ្យព្រួយបារម្ភ

BY
srey nuch
July 3, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នាព្រឹកថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំដកពិសោធន៍ការងាររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្រោយមើលឃើញថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលចុងក្រោយនេះ ពិសេស៦ខែឆ្នាំ២០២៤ ហាក់មានការកើនឡើងគួរឲ្យព្រួយបារម្ភ និងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតប្រជាពលរដ្ឋជាច្រើននាក់ បើធៀបឆ្នាំកន្លងទៅ។

តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រយៈពេល៦ខែ ឆ្នាំ២០២៤ គ្រោះថ្នាក់កើតឡើងចំនួន១,៥៣៤លើក (យប់៥៥%) បណ្តាលឲ្យស្លាប់ចំនួន៧៩៣នាក់ កើន៣៧នាក់ ស្មើ៥% (បុណ្យចូលឆ្នាំខ្មែរកើន១៥នាក់) និងរបួសចំនួន២,១១៦នាក់ (ធ្ងន់១,២៤៣នាក់) កើន៤៤នាក់ ស្មើ២%។

មូលហេតុបង្កគ្រោះថ្នាក់រួមមាន ល្បឿន៤០% មិនគោរពសិទ្ធិ២៤% មិនប្រកាន់ស្តាំ៩% បត់គ្រោះថ្នាក់៩% ប្រជែងគ្រោះថ្នាក់៧% កត្តាយាន៤% ស្រវឹង៣% ងងុយ១% ល្មើសសញ្ញាចរាចរណ៍១% កត្តាអាកាសធាតុ១% និងថ្មើរជើងឆ្លងផ្លូវ១%។ គ្រោះថ្នាក់បង្កដោយអ្នកជិះម៉ូតូ៤៩% អ្នកបើកបររថយន្តធុនស្រាល៣១% អ្នកបើកបររថយន្តធុនធ្ងន់១១% អ្នកបើកបរយានផ្សេងៗ៧% និងថ្មើរជើង១%។ ក្នុងចំណោមអ្នកស្លាប់ រួមមាន អ្នកជិះម៉ូតូចំនួន៧៩% ក្នុងនោះមិនពាក់មួកសុវត្ថិភាពចំនួន៦៧%។ គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញ ចំនួន៤៥០លើក, ខេត្តកណ្តាល ចំនួន១៣០លើក និងខេត្តព្រះសីហនុ ចំនួន១២៩លើក។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបង្ហាញនូវការព្រួយបារម្ភជាខ្លាំង នៅពេលឃើញស្ថានភាពនៃការគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ហើយភាគច្រើននៃអ្នកគ្រោះថ្នាក់សុទ្ធតែបាត់បង់ជីវិត និងគ្រោះថ្នាក់ធ្ងន់ធ្ងរតែម្ដង។

ឆ្លៀតនាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានដាក់បទបញ្ជាយ៉ាងម៉ឺងមាត់ដល់ស្នងការនគរបាលរាជធានី-ខេត្ត ត្រូវតែចាត់វិធានការបន្ទាន់ក្នុងការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ព្រោះឯកឧត្តមយល់ឃើញថា មានតែការរឹងបន្ដឹងច្បាប់ចរាចរណ៍នោះទេ ទើបអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាន។ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ កត់សម្គាល់ថា បើពឹងផ្អែកតែយន្ដការផ្សព្វផ្សាយ អប់រំ ច្បាស់ណាស់មិនអាចកាត់បន្ថយបានឡើយ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគិតថា ដើម្បីយើងកាត់បន្ថយការគ្រោះថ្នាក់នេះ កត្តាដែលសំខាន់បំផុតមិនមានអ្វីល្អជាងការរឹតបន្ដឹងច្បាប់ទេ តែយើងក៏មិនត្រូវបោះបង់ចោលការផ្សព្វផ្សាយដែរ។ ច្បាប់ចរាចរណ៍ផ្លូវគោក បានផ្សព្វផ្សាយតាំងពីពេលចូលជាធរមាន រហូតមកដល់ពេលនេះ មិនតិចឆ្នាំនោះទេ ប្រជាពលរដ្ឋនៅតែមិនទាន់យល់ជ្រួតជ្រៀប ដោយគ្រាន់តែខ្លាចសមត្ថកិច្ចប៉ុណ្ណោះ»។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ថា ការអនុវត្តច្បាប់ចរាចរណ៍នេះ ត្រូវពិនិត្យឲ្យបានច្បាស់លាស់ ដោយត្រូវបញ្ឈប់នូវការពួនស្ទាក់ដែលងាយនឹងមានបាតុភាពនានាកើតឡើង។ ការអនុវត្តនេះ ត្រូវធ្វើដោយបើកជំហរ ក្នុងនោះមានទាំងការត្រួតពិនិត្យការប្រើប្រាស់ល្បឿន និងការត្រួតពិនិត្យជាតិស្រវឹងជាដើម។ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ គូសបញ្ជាក់ទៀតថា ចាប់ពីពេលនេះទៅស្នងការនគរបាលរាជធានី-ខេត្ត ត្រូវធ្វើផែនការអនុវត្តឲ្យបានច្បាស់លាស់ តាមអ្វីដែលជាការណែនាំ ហើយអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈសេនាធិការនឹងធ្វើការតាមដានជាប់ជាប្រចាំ។ ប៉ុន្ដែមុននឹងអនុវត្តការរឹងបន្ដឹងច្បាប់ ត្រូវតែផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជាមុន តាមមធ្យោបាយនានា ពិសេសតាមបណ្ដាញផ្សព្វផ្សាយសង្គម៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police

Share This Post: