ព័ត៌មានជាតិ

កូនឈើជាង ១លាន៣សែនដើម នឹងចែកជូនពលរដ្ឋឥតគិតថ្លៃ នៅមុខទីស្តីការក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា

BY
srey nuch
July 5, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងថ្ងៃពិព័រណ៍ផ្សព្វផ្សាយ និងចែកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ចាប់ពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះនៅមុខទីស្តីការក្រសួងបរិស្ថាន កូនឈើយ៉ាង ហោចណាស់១លាន៣សែនដើម នឹងត្រូវចែកជូនពលរដ្ឋដែលចូលមកទស្សនាដោយ ឥតគិតថ្លៃដើម្បីបានយកទៅដាំនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា។ សម្រាប់ពលរដ្ឋដែលចូលរួមនឹងទទួលបានកូនឈើក្នុងម្នាក់ យ៉ាងតិច១០ដើមចុះក្រោមផងដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការត្រៀមរៀបចំពិព័រណ៍ «ពន្លកបៃតង» ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា៖ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកូនឈើនេះ គឺជាផ្នែកមួយក្នុងយុទ្ធនាការដាំកូនឈើយ៉ាងតិច ១លានដើមជារៀង រាល់ឆ្នាំ។’

ឯកឧត្តមបញ្ជាក់បន្ថែមថា ការរៀបចំព្រឹត្តិការណ៍ទាំងនេះគឺដើម្បីឆ្លើយតបទៅ នឹងតម្រូវការស្ថានភាពជាក់ស្តែងរបស់កម្ពុជា និងនិន្នាការបរិស្ថានពិភពលោក សម្រាប់ឱ្យកិច្ចការពារថែរក្សា និងអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិ ក្នុងតំបន់ ការពារធម្មជាតិឱ្យទទួលបានប្រសិទ្ធភាព និងមានចីរភាព ពិសេសនោះគឺការជំរុញ ដំណើរកម្ពុជាឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន ៦០ភាគរយនៅឆ្នាំ២០៥០ខាងមុខ។

ឯកឧត្កម សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថានបានបញ្ជាក់ថា «បងប្អូនប្រជា ពលរដ្ឋដែលអញ្ជើញមកចូលរួម ហើយពួកគាត់អាចទទួលបានកូនឈើក្នុងម្នាក់១០ដើម ចុះក្រោម ព្រោះថាខាងមន្ទីរបរិស្ថានយើងនីមួយៗបានបណ្តុះកូនឈើ ហើយតាម ការណែនាំរបស់រដ្ឋមន្រ្តីគឺពួគាត់នឹងដឹកកូនឈើចំនួន១៥០០ដើម ជាមធ្យម សម្រាប់ចែកជូនដល់ពលរដ្ឋក្នុងថ្ងៃនេះ។ យើងមានកូនឈើនៅ ទីនេះសម្រាប់ចែក ជូនហ្ហឹងគឺប្រមាណជាង៣៧៥០០ដើម ដែលចេញពីមន្ទីរបរិស្ថានរាជធានី ខេត្ត និងអង្គការដៃគូមួយចំនួនទៀតជួយឧបត្ថម្ភជាង៧ពាន់ដើមផងដែរ។ អីចឹង នៅទីនេះយើងមានជាង៤៤៥០០ដើម ហើយនៅតាមថ្នាលរាជធានីខេត្ត និងបូកទាំងរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានផងយើងមានជាង១៣០០០០០ដើម»។

ឯកឧត្តមបានបញ្ជាបន្ថែមថា ក្រៅពីមកទស្សនាពីដើមឈើ ទទួលដើមឈើ ដោយឥតគិតថ្លៃហើយ ប្រជាពលរដ្ឋនៅបានមកឈ្វេងយល់ពីការងាររបស់មន្ទីររាជធានី-ខេត្តទៀតផង។ ក្រៅពីនេះពលរដ្ឋនឹងបានទស្សនាសត្វព្រៃ ធនធានធម្មជាតិ ជីវចម្រុះសត្វព្រៃខ្មែរ។ ជាមួយគ្នានេះពលរដ្ឋអាចមកមកទិញកសិផលខ្មែរ ដែលជាភូមិមួយផលិតផលមួយ ចេញពីសហគមន៍នានាបានទៀតផង៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: