ព័ត៌មានជាតិ

សប្បុរសជនប្រទេសអូស្ដា្រលី សាងសងផ្ទះមួយខ្នង ជូនពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងស្រុកបន្ទាយស្រី ខេត្ដសៀមរាប

BY
srey nuch
July 5, 2024

ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា សប្បុរសជនមកពីប្រទេសអូស្ដ្រាលី បានសហការជាមួយអង្គការសមាគមរួបរួមគ្នា ប្រឆាំងភាពក្រីក្រ ហៅកាត់ថា PAPA បានសាងសងផ្ទះមួយខ្នងជូនដល់គ្រួសារប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងងាយរងគ្រោះ នៅក្នុងភូមិត្បែងកើត ឃុំត្បែងស្រុក បន្ទាយស្រី ខេត្ដសៀមរាប ដើម្បីជួយសម្រួលដល់ជីវភាព និងការរស់នៅរបស់ពួកគាត់។

លោក មុត យស់សា ប្រធានអង្គការសមាគមរួបរួមគ្នាប្រឆាំងភាពក្រីក្រ បានឱ្យដឹងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះថា ផ្ទះដែលបានសាសង់ជូនប្រជាពលរដ្ឋខ្វះខាតនេះ មានទំហំ៧ គុណនឹង ៩ម៉ែត្រ ធ្វើពីថ្មប្រក់សង្កសី ដែលបានថវិកាមកពីមូលនិធិក្រុមហ៊ុនទេសចរណ៍ Manic Tour អង្គការប៉ាប៉ា និងមួយចំនួនទៀតជាវិភាគទានបានមកពីអាជ្ញាធរមូលដ្ឋាន ដែលចំណាយថវិកាអស់ជាង១៦.០០០ដុល្លាអាមេរិក។

លោកថានេះជាលើកទីមួយហើយ ដែលសប្បុរសជនៃក្រុមហ៊ុនខាងលើ បានជួយសាងសង់ផ្ទះដល់ប្រជាពលរដ្ឋខ្វះខាត និងងាយរងគ្រោះនៅជនបទ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសពួកគាត់ស្រលាញ់ប្រជាជនកម្ពុជា។ សម្រាប់ឆ្នាំ២០២៤នេះដែរ PAPA ក៏បានកៀរគរសប្បុរសជនសាងសង់ផ្ទះជូនពលរដ្ឋក្រីបានចំនួន ៨ខ្នងហើយ។

លោកស្រី អាម៉ាន់ដា អូស្មន់ (Amanda Osmond) នាយកក្រុមហ៊ុន Manic Tour បានបង្ហាញអារម្មណ៍ពេញ ដែលបានដឹកនាំក្រុមការងារចូលរួមសាងសង់ផ្ទះជូនប្រជាពលរដ្ឋខ្មែរដែលមានជីភាពខ្វះខាតនៅក្នុងប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប។ ការឧបត្ថម្ភលំនៅឋាននេះ ជាថវិកាដែលបានពីមូលនិធិសប្បុរសជនស្ម័គ្រចិត្ដពីប្រទេសរបស់អ្នកស្រី ហើយផ្ទះដែលសាងសង់នេះដោយសប្បុរសជនផ្ទាល់ ព្រោះពួកគាត់ស្រលាញ់ប្រជាជនកម្ពុជា ស្រលាញ់វប្បធម៌អរិយធម៌របស់ខ្មែរ និងស្មាមញញឹម។ លោកស្រីថា ការជួយឧបត្ថម្ភលំនៅឋានដល់ប្រជាជននេះ ក្រុមការងារនឹងបន្ដសាងសង់ជូនដល់ប្រជាពលរដ្ឋទៅឆ្នាំក្រោយទៀត ដើម្បីចូលរួមលើកកម្ពស់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការរឹតចំណងមិត្ដភាពប្រទេសទាំងពីរកាន់តែយូរអង្វែងបន្ថែមទៀត។

ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោក យ៉ត លាក់ មេភូមិត្បែងកើត ស្រុកបន្ទាយស្រី បានបង្ហាញអារម្មណ៍រីករាយ ដែលសប្បុសជនពីប្រទេសអូស្ដ្រាលី បានជួយផ្ដល់ផ្ទះដល់ប្រជនក្នុងភូមិលោក ហើយគ្រួសារខាងលើនេះ ពិតជាខ្វះខាតខ្លាំងពិតប្រាកដមែន។ លោកក៏បានសំណូមពរ បានអំពាវនាវដល់សប្បុរសជន សូមជួយឧបត្ថម្ភផ្ទះដល់គ្រួសារផ្សេងទៀត ដែលជាអ្នកមានជីវភាពខ្វះខាត៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

Share This Post: