ឯកឧត្តម ជិន ម៉ាលីន៖ ជាគោលការណ៍ច្បាប់ ការប្រកាសគាំទ្រជនជាប់ចោទ ហើយប្រឆាំងទៅនឹងវិធានការច្បាប់ មិនមែនជាមធ្យោបាយផ្លូវច្បាប់ក្នុងការការពារដល់ជនទាំងនោះទេ
(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ជាគោលការណ៍ច្បាប់ ការប្រកាសគាំទ្រសកម្មជន ឬជនជាប់ចោទ ហើយប្រឆាំងទៅនឹងវិធានការច្បាប់ មិនមែនជាមធ្យោបាយផ្លូវច្បាប់ក្នុងការការពារដល់ជនជាប់ចោទទាំងនោះទេ។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា៖ «ការសម្រេចផ្តន្ទាទោសនេះ គឺជាការអនុវត្តច្បាប់ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ និងមានមូលដ្ឋានរឹងមាំច្បាស់លាស់តាមរយៈការស៊ើបអង្កេតរបស់សមត្ថកិច្ចដែលឈានទៅដល់ការផ្តន្ទាទោស។ ហើយមធ្យោបាយតាមផ្លូវច្បាប់តែមួយគត់នៅក្នុងការជួយដល់ជនជាប់ចោទ គឺការចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការ ធ្វើការការពារខ្លួនតាមផ្លូវច្បាប់ បង្ហាញភស្តុតាងសក្ខីកម្មឱ្យបានរឹងមាំនៅក្នុងការដោះបន្ទុកទៅនឹងបទចោទដែលសមត្ថកិច្ចមានដើម្បីធ្វើការដោះបន្ទុក»។
ដោយឡែកចំពោះការចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់យ៉ាងណានោះ មិនមានឥទ្ធិពលអ្វីទៅលើតុលាការ ហើយក៏មិនអាចជួយដល់ជនជាប់ចោទដែលជាសកម្មជនទាំងអស់នោះបានដែរ។ ទាំងនេះបើផ្អែកទៅលើរដ្ឋធម្មនុញ្ញ និងនីតិវិធីច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។
បន្ថែមពីលើនេះ ឯកឧត្តមអ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានបញ្ជាក់បន្ថែមផងដែរថា ការផ្តន្ទាទោសនេះ គឺដោយសារអ្នកទាំងអស់នោះបានធ្វើសកម្មភាពល្មើសច្បាប់ ដែលសមត្ថកិច្ចមានភស្តុតាងមូលដ្ឋានរឹងមាំច្បាស់លាស់ ហើយដែលតុលាការបានដំណើរការនីតិវិធីយ៉ាងត្រឹមត្រូវផ្អែកលើអង្គហេតុ និងអង្គច្បាប់ ឈានទៅដល់ការចោទប្រកាន់ និងការផ្តន្ទាទោស។ អ្វីដែលពួកគេអាចធ្វើបន្តបានតាមផ្លូវច្បាប់ និងនីតិវិធីរបស់តុលាការនោះ គឺការការពារខ្លួនតាមផ្លូវច្បាប់ ដោយធ្វើការប្តឹងឧទ្ទរណ៍ ហើយត្រូវខិតខំស្វះស្វែងប្រមែប្រមូលភ័ស្តុតាងសក្ខីកម្មមូលដ្ឋានឱ្យបានរឹងមាំនៅក្នុងការដោះបន្ទុកតតាំងទៅនឹងបទចោទ។
សូមរំលឹកថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ បានប្រកាសសាលក្រមផ្តន្កាទោសមេក្លោង និងសកម្មជនចលនាខុសច្បាប់ ចំនួន ១០នាក់ ពាក់ព័ន្ធការប្រមាថអង្គព្រះមហាក្សត្រ នឹងរួមគំនិតក្បត់ ដោយដាក់ពន្ធនាគារពី ៦ឆ្នាំ ទៅ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀល ហើយការប្រកាសសាលក្រមនេះ បន្ទាប់ពីបានបើកសវនាការចំនួន៥លើក៕

ប្រភព៖ ក្រសួងព័ត៌មាន