អាជ្ញាធរសិង្ហបុរី ហាមឃាត់កាហ្វេសម្រកទម្ងន់ម៉ាកមួយនេះ ក្រោយរកឃើញមានផ្ទុកសារធាតុហាមឃាត់ ដែលអាចបង្កឱ្យគាំងបេះដូងនិងដាច់សរសៃឈាមក្នុងខួរក្បាល
- BY
- Pheakdey
- July 16, 2024
(សិង្ហបុរី)៖ កាហ្វេសម្រកទម្ងន់បានក្លាយជាជម្រើសដ៏ពេញនិយមមួយសម្រាប់អ្នកដែលកំពុងមានបញ្ហាធាត់លើសទម្ងន់ ហើយគ្មានពេលធ្វើលំហាត់ប្រាណ ឬគ្មានពេលរៀបចំអាហារសុខភាពសម្រាប់ទទួលទាន។ ដើម្បីបង្ហាញឱ្យអតិថិជនបានឃើញពីប្រសិទ្ធភាពរបស់កាហ្វេយ៉ាងឆាប់រហ័ស ក្រុមហ៊ុនខ្លះបានលួចដាក់បន្ថែមនូវសារធាតុហាមឃាត់មួយចំនួនទៅក្នុងកាហ្វេ ខណៈសារធាតុទាំងនោះអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរចំពោះសុខភាពអ្នកទទួលទាន។

ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៦ ខែកក្កដានេះបានឱ្យដឹង អាជ្ញាធរគ្រប់គ្រងផ្នែកចំណីអាហារសិង្ហបុរីសម្រេចហាមឃាត់កាហ្វេសម្រកទម្ងន់មួយប្រភេទម៉ាក ChoCo Premix Coffee ក្រោយរកឃើញថា នៅក្នុងកាហ្វេសម្រកទម្ងន់ប្រភេទនេះមានផ្ទុកទៅដោយសារធាតុហាមឃាត់ជាច្រើនដែលអាចបណ្តាលឱ្យអ្នកទទួលទានកើតមានជំងឺគាំងបេះដូង និងដាច់សរសៃឈាមនៅក្នុងខួរក្បាលបាន។ ក្រៅតែពីធ្វើការហាមឃាត់មិនឱ្យពលរដ្ឋទទួលទានហើយ អាជ្ញាធរសិង្ហបុរីក៏បានធ្វើការរឹតបន្តឹងចំពោះសកម្មភាពលក់ផងដែរ ដោយកំណត់ដាក់ទោសក្រុមអ្នកលក់និងចែកចាយឱ្យជាប់ពន្ធនាគាររយៈពេល ៣ខែ ឬពិន័យជាប្រាក់ចំនួន ៥,០០០ ដុល្លារសិង្ហបុរី (៣,៧២៣ ដុល្លារអាមេរិក) ខណៈអ្នកប្រព្រឹត្តិបទល្មើសនេះជាលើកទី២ និងត្រូវពិន័យជាប្រាក់រហូតដល់ ១០,០០០ដុល្លារសិង្ហបុរី (៧,៤៤៦ ដុល្លារអាមេរិក)៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






