សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៣ ខែកក្កដា តំបន់ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់ លាយលំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ អាចនឹងមានភ្លៀងធ្លាក់ លាយលំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ក្រសួងបានបញ្ជាក់បន្ថែមថា៖ ប្រព័ន្ធសម្ពាធទាបជាមួយនឹងព្យុះមួយឈ្មោះ ហ្គ្សាមី (Gaemi) គ្របដណ្តប់លើសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើសមុទ្រ Andaman ភាគកណ្តាលនិងខាងកើតឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា និងភាគកណ្តាលនៃអាងទន្លេមេគង្គ នឹងបណ្តាលឱ្យរបបខ្យល់មូសុងនិរតីមានឥទ្ធិពលមកលើប្រទេសកម្ពុជា។
ស្ថានភាពបែបបនេះចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
១-តំបន់វាលទំនាប៖
-សីតុណ្ហភាពអប្បបរមា ២៣°C និងសីតុណ្ហភាពអតិបរមា ៣១°C ។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចឹម មានល្បឿនមធ្យម ៤,៥០ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២៥%។
២-តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពអប្បបរមា ២៣°C និងសីតុណ្ហភាពអតិបរមា ៣១°C។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចឹម មានល្បឿនមធ្យម ៦,៥០ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្ដរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៤៥%។
៣-តំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា ២៣°C និងសីតុណ្ហភាពអតិបរមា ៣០°C ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿនមធ្យម ៥,៥០ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ២០%។
ជាមួយគ្នានោះតំបន់មាត់សមុទ្រ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ១,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ៕

អត្ថបទ៖ និស្ស័យ
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology