ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា បង្កើតស្រះចិញ្ចឹម និងបង្កាត់ពូជអណ្ដើកហ្លួង ដែលជាសត្វកម្រជិតផុតពូជ

    BY Nisaiy KN July 21, 2024
    កម្ពុជា បង្កើតស្រះចិញ្ចឹម និងបង្កាត់ពូជអណ្ដើកហ្លួង ដែលជាសត្វកម្រជិតផុតពូជ

    (កោះកុង)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធស្រះចិញ្ចឹមនិងបង្កាត់ពូជអណ្ដើកហ្លួង នៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង របស់អង្គការ WCS កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។

    ពិធីនេះ ក៏មានការចូលរួមផងដែរ ពីសំណាក់​មន្ត្រី​ជាន់​ខ្ពស់​នៃក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ រដ្ឋបាល​ជលផល​ អាជ្ញាធរ​មូល​ដ្ឋាន​ក្នុង​ខេត្ត​កោះ​កុង​និង​ខេត្ត​ព្រះ​សីហនុ​ ប្រជា​សហគមន៍​មូល​ដ្ឋាន និង​តំណាង​នៃ​ Mandai Nature ដែល​ជា​ម្ចាស់​ជំនួយ​គាំ​ទ្រ​ការ​ងារ​អភិរក្ស​សត្វ​ល្មូន​ដែល​រួម​មាន​អណ្តើក​ហ្លួងនិង​ក្រពើ​ត្រី​នៅ​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​ ខេត្ត​កោះ​កុង និង​នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែ​អំបិល​។

    មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​ ខេត្ត​កោះ​កុង​ ដែលមានទីតាំងនៅ​ភូមិ​ទួល​គគីរ​លើ​ ​ឃុំ​ទួល​គគីរ​ ស្រុក​មណ្ឌល​សីមា ខេត្ត​កោះ​កុង​ គឺជាទី​កន្លែង​មានសុវត្ថិភាព ​សម្រាប់​ការ​អភិរក្ស​សត្វ​អណ្តើក​ហ្លួង​និង​ក្រពើ​ត្រី​ តាមរយៈការចិញ្ចឹម​មើល​ថែ ​ប​​​​​ង្កាត់​ពូជ​ និង​ភ្ញាស់​ពង​កូន​អណ្តើ​ក​ហ្លួង​និង​ក្រពើ​ត្រី ​រហូត​ដល់​ពួក​វា​ធំ​ធាត់​អា​ច​លែង​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ព្រែក​ស្រែ​អំបិល​ដែល​ជា​ទី​ជម្រក​ធម្ម​ជាតិ​របស់​ពួក​វា។


    នាឱកាស​នេះ ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈអធិបតី បាន​ចូល​រួម​លែង​អណ្តើក​ហ្លួង​ចំនួន​ ២០​​ក្បាល ​ចូល​ក្នុង​​ប្រព័ន្ធ​ព្រែក​ស្រែ​អំបិល​។ ក្នុង​នោះ​ អណ្តើក​ហ្លួង​ចំនួន​ ១២ក្បាល​ មាន​បំពាក់​ឧបករណ៍​បញ្ជូន​សំឡេង​ដើម្បី​តាម​ដាន​ចលនា​ អត្រា​រស់​រាន​ និងការ​ប្រើ​ប្រាស់​ទី​ជម្រក​របស់​អណ្តើក​ហ្លួង​ទាំង​នោះ​។ ការ​អង្កេត​តាម​ដាន​សត្វ​អណ្តើក​ហ្លួង​ទាំង​នេះ​បន្ទាប់​ពី​ពួក​វា​ត្រូវ​បាន​​លែង​ចូល​ទី​ជម្រក​ធម្ម​ជាតិ​ ពិត​ជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ការ​ពារ​និង​ស្តារ​ចំនួន​សត្វ​អណ្តើក​ហ្លួង​ឱ្យ​កើន​ឡើង​វិញ​ក្នុង​ទី​ជម្រក​ធម្ម​ជាតិ​។

    អណ្តើកហ្លួង ជាប្រភេទល្មូនដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ ហៅកាត់ IUCN ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងចំណោមអណ្តើកទាំង២៥ប្រភេទ ដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេនៅលើភពលោក។ អណ្តើកហ្លួងត្រូវបានគេជឿថាផុតពូជនៅក្នុងប្រទេសកម្ពុជារហូតដល់ឆ្នាំ២០០០ នៅពេលដែលវាត្រូវបានរកឃើញឡើងវិញដោយអ្នកអភិរក្សនៅក្នុងទន្លេស្រែអំបិលក្នុងខេត្តកោះកុង។

    បញ្ជាក់ជូនថា អណ្តើកហ្លួង ត្រូវបានប្រកាសថាជាសត្វល្មូនតំណាងជាតិរបស់កម្ពុជាក្នុងឆ្នាំ ២០០៥។ អណ្តើកហ្លួងត្រូវបានប្រទះឃើញមានវត្តមានតែនៅក្នុងប្រទេសកម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីតែប៉ុណ្ណោះ។ រាល់សត្វអណ្តើកហ្លួងដែលត្រូវបានប្រលែងទៅក្នុងជម្រកធម្មជាតិវិញ ជួយទ្រទ្រង់ដល់ជលផលនៅក្នុងប្រព័ន្ធព្រែកស្រែអំបិល រក្សាជីវៈចម្រុះ និងធានាថាសត្វល្មូនតំណាងជាតិរបស់កម្ពុជាអាចមានចំនួនកើនឡើងនៅក្នុងទីជម្រកធម្មជាតិរបស់វា៕









    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: