ក្រោយសម្រេចដកខ្លួនចេញពីការបោះឆ្នោត លោក ចូ បៃឌិន ប្រកាសគាំទ្រលោកស្រី កាម៉ាឡា ហារីស ឱ្យក្លាយជាបេក្ខភាពប្រជែងយកតំណែងប្រធានាធិបតីអាមេរិក
- BY
- Pheakdey
- July 22, 2024
អាមេរិក៖ ក្រោយប្រកាសដកខ្លួនចេញពីបេក្ខភាពប្រកួតប្រជែងយកតំណែងជាប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានប្រកាសគាំទ្របេក្ខភាពថ្មីមួយសម្រាប់គណបក្សប្រជាធិបតេយ្យនោះគឺលោកស្រី កាម៉ាឡា ហារីស នេះបើយោងតាមការចុះផ្សារបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា។លោកស្រី កាម៉ាឡា ហារីស បច្ចុប្បន្ននេះមានអាយុ ៥៩ឆ្នាំ និងមានតួនាទីជាអនុប្រធានាធិបតីអាមេរិកផងដែរ។

សូមបញ្ជាក់ជូនថា ការសម្រេចដកខ្លួនពីបេក្ខភាពឈរឈ្មោះជាប្រធានាធិបតីរបស់លោក ចូ បៃឌិន បានកើតឡើងក្រោយមានមតិរិះគន់ជាច្រើនចំពោះបញ្ហាសុខភាពរបស់គាត់ ហើយនាពេលកន្លងមកគេបានកត់សម្គាល់ឃើញថា ក្នុងវ័យ ៨១ឆ្នាំ លោក ចូ បៃឌិន មានបញ្ហាសុខភាពមួយចំនួនទាក់ទងនឹងភាពចាស់ជរារបស់គាត់ដូចជា ភ្លេចភ្លាំងច្រើនក្នុងអំឡុងពេលធ្វើសន្ទរកថាជាសាធារណៈ ហៅឈ្មោះមនុស្សច្រឡំ និងដើរដួលជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






