ក្រោយតែងតាំងជាបេក្ខភាពប្រជែងតំណែងប្រធានាធិបតីអាមេរិកភ្លាម លោកស្រី កាម៉ាឡា ហារីស រៃអង្គាសប្រាក់ពីក្រុមអ្នកគាំទ្របានរហូតដល់ ៨១លានដុល្លារក្នុងរយៈ ២៤ម៉ោង
- BY
- Pheakdey
- July 23, 2024
(អាមេរិក)៖ ក្រោយទទួលបានការតែងតាំងជាបេក្ខភាពឈរឈ្មោះសម្រាប់តំណែងប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យភ្លាមៗ លោកស្រី កាម៉ាឡា ហារីស ក៏បានផ្តើមបើកធ្វើយុទ្ធនាការរៃអង្គាសប្រាក់ទ្រង់ទ្រាយធំមួយពីសំណាក់ក្រុមអ្នកគាំទ្រ ហើយអ្វីដែលជាលទ្ធផលគួរឱ្យកត់សម្គាល់នោះគឺក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ គាត់អាចរៃអង្គាសប្រាក់បានរហូតដល់ ៨១លានដុល្លារឯណោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ៍ ទី២៣ ខែកក្កដា។

ប្រភពខាងលើបានបន្តថា ប្រាក់ទាំង ៨១លានដុល្លារត្រូវបានគេប្រមូលមកពីក្រុមអ្នកគាំទ្រប្រមាណជា ៨៨០,០០០នាក់ប៉ុណ្ណោះ ខណៈប្រាក់ទាំងអស់នេះគឺទុកសម្រាប់ប្រើប្រាស់នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងការចំណាយផ្សេងៗរបស់បក្ស។ សូមបញ្ជាក់ជូនថា លោកស្រី កាម៉ាឡា ហារីស ត្រូវបានជ្រើសរើសឱ្យក្លាយជាបេក្ខភាពប្រជែងយកតំណែងប្រធានាធិបតី ក្រោយលោក ចូ បៃឌិន សម្រេចបោះបង់ចោលតំណែងកំពូលមួយនេះកាលពីថ្ងៃអាទិត្យកន្លងទៅក្រោមហេតុផលថា លោកចង់ផ្តោតលើការងារជាប្រធានាធិបតីរហូតដល់ចប់អាណត្តិ ខណៈសាធារណៈជនទូទៅបានមើលឃើញថា ការបោះបង់ចោលបេក្ខភាពនេះក៏ដោយសារតែលោក ចូ បៃឌិន មានវ័យជរាទៅហើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






