អន្តរជាតិ

យ៉ាងហោចណាស់មានស្រ្តីម្នាក់បានបាត់បង់ជីវិត និង១៤៧នាក់ធ្លាក់ខ្លួនឈឺ ក្រោយទទួលទានអន្ទង់ ពីភោជនីយដ្ឋានដ៏ល្បីមួយរបស់ជប៉ុន

BY
Pheakdey
July 31, 2024

ជប៉ុន៖ យ៉ាងហោចណាស់មានស្រ្តីជនជាតិជប៉ុនម្នាក់បានបាត់បង់ជីវិត និង ១៤៧នាក់ផ្សេងទៀតធ្លាក់ខ្លួនឈឺ ក្រោយទទួលទានអន្ទង់អាំងរបស់ភោជនីយដ្ឋានដ៏ល្បីមួយកន្លែងនៅក្នុងប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៣១ ខែកក្កដា។ ភោជនីយដ្ឋានដែលជាកន្លែងផ្តើមឱ្យមានករណីពុលអាហារធ្ងន់ធ្ងន់នោះមានឈ្មោះថា Yokohama មានទីតាំងនៅក្នុងទីក្រុងតូក្យូ និងត្រូវបានបើកដំណើរការតាំងពីឆ្នាំ ១៩៤៦មកម្ល៉េះ។

បើតាមអាជ្ញាធរជំនាញផ្នែកចំណីអាហារជប៉ុនបានបញ្ជាក់ថា គេបានរកឃើញមានបាក់តេរីប្រភេទ Staphylococcus Aureus នៅក្នុងលាមករបស់ជនរងគ្រោះចំនួន ៥នាក់ ខណៈជាទូទៅបាក់តេរីប្រភេទនេះតែងត្រូវបានគេរកឃើញនៅលើស្បែកមនុស្សតែប៉ុណ្ណោះ។ អ្នកជំនាញផ្នែកចំណីអាហារជប៉ុនក៏បានរកឃើញផងដែរថា មុនពេលមានករណីពុលអាហារខាងលើនេះគឺភោជនីយដ្ឋាន Yokohama បានប្រើប្រាស់បំណែករបស់សត្វអន្ទង់ចំនួន ៤៥០បំណែក ដែលជាផលិតផលហួសកាលកំណត់ប្រើប្រាស់យកទៅចម្អិនជាអាហារលក់ឱ្យអតិថិជន ខណៈក្រុមបុគ្គលិកនៅក្នុងភោជនីយដ្ឋានមួយចំនួនមិនបានប្រើប្រាស់ស្រោមដៃឱ្យបានត្រឹមត្រូវនោះទេក្នុងពេលសម្អាតនិងចម្អិនអន្ទង់៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: