អន្តរជាតិ

អាមេរិកនឹងដាក់ពង្រាយយន្តហោះនិងនាវាចម្បាំងជាច្រើនគ្រឿងបន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីការពារការគំរាមកំហែងពីអ៊ឺរ៉ង់

BY
Pheakdey
August 3, 2024

អាមេរិក៖ សហរដ្ឋអាមេរិកនឹងដាក់ពង្រាយយន្តហោះចម្បាំង និងនាវាចម្បាំងជាច្រើនគ្រឿងបន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា នេះបើយោងតាមសេចក្តីថ្លែងការរបស់មន្ទីរបញ្ចកោណអាមេរិក ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍​ ទី៣ ខែសីហា។ ការសម្រេចបន្ថែមកម្លាំងយោធានេះត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចការពារនិងទប់ស្កាត់ការគំរាមកំហែងពីសំណាក់ប្រទេសអ៊ឺរ៉ង់ និងសម្ព័ន្ធមិត្តរបស់អ៊ឺរ៉ង់គឺក្រុមហាម៉ាស់ និងក្រុមហេសបូឡា។

គួរកត់សម្គាល់ថា សង្គ្រាមរវាងកងកម្លាំងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ដែលបានអូសបន្លាយអស់រយៈពេល ១០ខែមកហើយនោះបានឡើងកម្តៅកាន់តែខ្លាំងមួយកម្រិតទៀតកាលពីពេលថ្មីៗនេះ ក្រោយមេដឹកនាំរបស់ក្រុមហាម៉ាស់ម្នាក់គឺលោក Ismail Haniyeh ត្រូវបានគេបាញ់សម្លាប់ដោយប្រើគ្រាប់មីស៊ីល ខណៈរូបលោកកំពុងស្នាក់នៅក្នុងប្រទេសអ៊ឺរ៉ង់។ ក្រោយមានករណីឃាតកម្មនេះ គេជឿថាក្រុមហាម៉ាស់នឹងព្យាយាមធ្វើការសងសឹកទៅកាន់កងកម្លាំងអ៊ីស្រាលវិញយ៉ាងធ្ងន់ធ្ងរ បើទោះជាពេលនេះអ៊ីស្រាអែលនៅមិនទាន់ទទួលស្គាល់ថា​ឃាតកម្មនេះគឺជាស្នាដៃរបស់ខ្លួនក៏ដោយ ហើយការសងសឹកបន្តកើតមានទៅវិញទៅមកបន្ថែមទៀត ដែលធ្វើឱ្យភ្លើងសង្គ្រាមនិងជម្លោះក្នុងតំបន់គ្មានចំណុចត្រូវបិទបញ្ចប់នោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: