កូរ៉េខាងត្បូង ត្រៀមផ្តល់ប្រាក់សំណងជាង ១១០លានដុល្លារក្នុងមួយឆ្នាំ ទៅកាន់ក្រុមអ្នកលក់សាច់ឆ្កែនៅទូទាំងប្រទេស
- BY
- Pheakdey
- August 3, 2024
កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់ប្រាក់សំណងទៅកាន់ក្រុមអ្នកលក់សាច់ឆ្កែនៅទូទាំងប្រទេសក្នុងទំហំទឹកប្រាក់ជាង ១១០លានដុល្លារនៅក្នុងមួយឆ្នាំនិងមានរយៈពេល ៣ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៣ ខែកក្កដា។ បើតាមក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទកូរ៉េខាងត្បូងបានបញ្ជាក់ថា គិតត្រឹមពេលនេះកញ្ចប់ថវិកាត្រូវបានត្រៀមរួចរាល់ ហើយរដ្ឋាភិបាលក៏គ្មានបំណងចង់ធ្វើការកែប្រែលើចំណុចណាមួយក្នុងផែនការផ្តល់ប្រាក់សំណងនេះដែរ ខណៈសេចក្តីប្រកាសអំពីការអនុវត្តផែនការជាផ្លូវការនឹងត្រូវធ្វើឡើងនៅក្នុងខែសីហានេះ។

គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសរវាងក្រុមអ្នកលក់សាច់ឆ្កែនិងក្រុមអ្នកចិញ្ចឹមសត្វឆ្កែសម្រាប់លក់ជាអាហារជាមួយនឹងរដ្ឋាភិបាលកូរ៉េខាងត្បូងបានផ្តើមកើតមានតាំងតែពីខែមករាដើមឆ្នាំនេះមកម្លេះ ក្រោយសភាកូរ៉េខាងត្បូងបានធ្វើសេចក្តីព្រាងច្បាប់មួយស្តីពីការហាមឃាត់មិនឱ្យមានការលក់និងទទួលទានសាច់ឆ្កែ ក្រោមហេតុផលលុបបំបាត់ការបំពានសិទ្ធរស់នៅរបស់សត្វឆ្កែ ដែលនាពេលបច្ចុប្បន្ននេះមានពលរដ្ឋជាច្រើនបានស្រលាញ់និងចាត់ទុកសត្វប្រភេទនេះដូចជាសមាជិកគ្រួសារទៅហើយ។
តាមការគ្រោងទុកគឺសេចក្តីព្រាងច្បាប់ខាងលើនេះនឹងត្រូវក្លាយជាច្បាប់សម្រាប់អនុវត្តជាផ្លូវការនៅក្នុងឆ្នាំ២០២៧ ដែលមានន័យថានៅក្នុងចន្លោះពីឆ្នាំ២០២៤នេះរហូតដល់ឆ្នាំ២០២៧ ការលក់និងទទួលទានសាច់ឆ្កែនៅក្នុងប្រទេសកូរ៉េខាងមិនទាន់ចាត់ទុកជាសកម្មភាពខុសច្បាប់នៅឡើយទេ។ យ៉ាងណាក្តី គ្រាន់តែមានសេចក្តីព្រាងច្បាប់របស់សភាកូរ៉េខាងត្បូងភ្លាមគឺវាបានធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មរបស់ក្រុមអ្នកលក់សាច់ឆ្កែនិងក្រុមអ្នកចិញ្ចឹមសត្វឆ្កែសម្រាប់ជាអាហារយ៉ាងខ្លាំងចាប់តាំងពីពេលប្រកាសនោះមកតែម្តង រហូតធ្វើឱ្យពួកគេត្រូវធ្វើការប្រមូលផ្តុំគ្នាតវ៉ានិងទាមសំណងពីរដ្ឋាភិបាល។
យោងតាមការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចជនបទកូរ៉េបានរកឃើញថា ផលប៉ះពាល់សេដ្ឋកិច្ចចំពោះក្រុមអ្នកលក់សាច់ឆ្កែគឺមានទំហំទឹកប្រាក់សរុបចំនួន ១៥០ពាន់លានវ៉ុន (១១០,៤៣៣,១៣៤ ដុល្លារអាមេរិក) នៅក្នុងមួយឆ្នាំ ខណៈនៅក្នុងនោះម្ចាស់កសិដ្ឋានចិញ្ចឹមឆ្កែត្រូវខាតបង់ប្រាក់ចំណូលចំនួន ៣១០,០០០វ៉ុន (២២៨ដុល្លារ) ពីការលក់សត្វឆ្កែដែលពេញវ័យសម្រាប់បរិភោគចំនួន ១ក្បាល។ សូមបញ្ជាក់ថា គិតត្រឹមពេលនេះនៅទូទាំងប្រទេសកូរ៉េខាងត្បូងមានកសិដ្ឋានចិញ្ចឹមឆ្កែចំនួន ១,៥០៧កន្លែង ដែលមានសត្វឆ្កែសរុបជាង ៥០០,០០០ក្បាលសម្រាប់លក់យកទៅធ្វើជាអាហារ៕

អត្ថបទ៖ ភក្តី
ប្រភព៖
- Share This Post:






