ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ យកលំនាំតាមចក្ខុវិស័យរបស់បុព្វបុរស នាសម័យអាណាចក្រហ្វូណន

BY
Khmernote Media
August 5, 2024

ខេត្តកណ្តាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ២០០០ឆ្នាំ ក្រោយមក កម្ពុជាបានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ យកលំនាំតាមចក្ខុវិស័យរបស់បុព្វបុរសយើងនាសម័យអាណាចក្រហ្វូណន។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីបែបនេះ ក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ស្ថិតនៅចំណុចចាប់ផ្តើម នៃព្រែកជីកពី ដងទន្លេមេគង្គ ក្នុងភូមិសាស្ដ្រព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា នៅក្នុងណាចក្រហ្វូណន ដែលមាននៅក្នុងឯកសារនោះ រាជធានីនៅក្នុងស្រុកអង្គរបុរី ដែលពេលនោះខ្មែរយើងមានទី១ គឺកសិកម្ម ដោយសារនៅអង្គរបុរីមានប្រព័ន្ធធារាសាស្ត្រច្រើនដែលបម្រើឱ្យផ្នែកកសិកម្ម ដែលជាហេតុធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជានៅពេលនោះរឹងមាំ ហើយលើសពីនេះទៀតគឺការធ្វើពាណិជ្ជកម្មអន្តរជាតិផងដែរ។

សម្តេចធិបតីនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា តាមការស្រាវជ្រាវនៅអង្គរបុរីមានព្រែកជីកចំនួន៥ ដែលបម្រើឱ្យ ការតភ្ជាប់ផ្នែកពាណិជ្ជកម្មក្នុងនោះមានព្រែកជីកមួយធំហៅថាព្រែកទី៥ មានប្រវែង៩០គីឡូម៉ែត្រ ដែលភ្ជាប់អង្គរបុរី ជាមួយនឹងកំពង់ផែអូកែវ (កំពង់ផែអន្តរជាតិ) ។

សម្ដេចធិបតីបន្ដថា តាមរយៈកំពង់ផែអូកែវនេះកម្ពុជាបានធ្វើទំនាក់ទំនងផ្នែកសេដ្ឋកិច្ចផ្នែកខាងលិចជាមួយចក្រភពរ៉ូម៉ាំង ឥណ្ឌា និងបណ្តាប្រទេសលោកខាងលិច។ ចំណែកព្រែកមួយទៀតភ្ជាប់ពីអង្គរបុរី ចាក់មកទន្លេរបាសាក់ដោយអាចធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសលោកខាងកើត មានចិនជាធំ។ និងព្រែកចំនួន៣ខ្សែទៀតអាចធ្វើឱ្យដឹកជំនិញក្នុងប្រទេសបានផងដែរ។ សម្តេចធិបតីបានបញ្ជាក់ថា៖ «អីចឹង២០០០ឆ្នាំក្រោយមក ដល់ថ្ងៃនេះកូនចៅបានបើក នូវការដ្ឋានសាងសង់ព្រែកជីក យកលំនាំចក្ខុវិស័យ របស់បុព្វបុរសរបស់យើង។ កសាងព្រែកជីក ដែលភ្ជាប់ភ្នំពេញ ជាមួយកំពង់ផែទឹកជ្រៅរបស់យើង នៅខេត្តព្រះសីហនុ និងខេត្តកំពត»

ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការសាងសង់ព្រែកជីកនេះបានភ្ជាប់ទំនាក់ទំនងផ្នែកពាណិជ្ជកម្មជាមួយពិភពលោកផងដែរ ហើយការសាងសង់ព្រែកជីកនេះគឺជាការតភ្ជាប់ពីផ្នែកផ្លូវទឹកត្រង់ទៅដល់ផែអន្តរជាតិ ដែលធ្វើតាមលំនាំសម័យអាណាចក្រភ្នំ ឬអាណាចក្រហ្វូណន៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: