ម៉ាស៊ីន X-ray នៅក្នុងព្រលានយន្តហោះលំដាប់កំពូលរបស់សិង្ហបុរីបានឆេះ និងបង្កឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង
- BY
- Pheakdey
- August 6, 2024
សិង្ហបុរី៖ ជើងហោះហើរមួយខ្សែត្រូវបានអាជ្ញាធរអាកាសចរណ៍សិង្ហបុរីសម្រេចធ្វើការពន្យាពេលជាបន្ទាន់ក្រោយមានហេតុការណ៍ភ្លើងឆេះម៉ាស៊ីន X-ray នៅក្នុងព្រលានយន្តហោះអន្តរជាតិ Changi នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី៦ ខែសីហានេះ។ ម៉ាស៊ីន X-ray ដែលបានឆេះនោះគឺជាម៉ាស៊ីនសម្រាប់ប្រើប្រាស់នៅក្នុងបន្ទប់អង្គុយរង់ចាំនៃស្ថានីយ៍ទី ១ ចក្រទ្វារ Gate D46 ។

ប្រភពខាងលើបានបន្តថា ជើងហោះហើរដែលត្រូវបានពន្យាពេលនោះគឺជាជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Scoot មានទិសដៅធ្វើដំណើរចេញពីប្រទេសសិង្ហបុរីឆ្ពោះទៅកាន់កោះបាលីនៃប្រទេសឥណ្ឌូនេស៊ី។ ភ្លាមៗក្រោយមានភ្លើងឆេះគឺវាបានបង្កើតឱ្យផ្សែងយ៉ាងខ្លាំងនិងបង្កឱ្យមានភាពភ្ញាក់ផ្អើលចំពោះអ្នកដំណើរមួយចំនួនផងដែរ តែយ៉ាងណាក្តីហេតុការណ៍នេះមិនបានបណ្តាលឱ្យមានអ្នកដំណើរណាម្នាក់បានរងគ្រោះថ្នាក់នោះទេ។ សូមបញ្ជាក់ជូនថា ព្រលានយន្តហោះអន្តរជាតិ Changi គឺជាព្រលានយន្តហោះលំដាប់ថ្នាក់កំពូលនៅលើពិភពលោក ហើយព្រលានយន្តហោះ អន្តរជាតិ Changi កម្រកើតមានហេតុការណ៍របៀបនេះណាស់នាពេលកន្លង៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






