PR

លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ប្រធានសមាគមសិល្បករខ្មែរ និងផ្ដល់អនុសាសន៍ ៦ចំណុចសំខាន់ៗ ដើម្បីបន្តដឹកនាំអភិវឌ្ឍវិស័យសិល្បៈឲ្យកាន់តែរីកចម្រើន

BY
Liny Chan
August 6, 2024

(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានអញ្ជើញដឹកនាំក្រុមប្រឹក្សាភិបាល គណៈប្រតិបត្តិ និងទីប្រឹក្សាជាន់ខ្ពស់របស់សមាគមសិល្បករខ្មែរ ចូលជួបសំណេះសំណាលសម្ដែងការគួរសមជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិកម្ពុជា និងទទួលអនុសាសន៍ណែនាំ។

ជាកិច្ចចាប់ផ្ដើម លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានគោរពថ្លែងអំណរគុណជូនចំពោះលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីជួបសំណេះសំណាលនេះ។

ក្នុងជំនួបនើដែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានជម្រាបជូនលោកជំទាវបណ្ឌិតស្ត្រីទី១ នៃកម្ពុជា អំពីប្រវត្តិរបស់សមាគម ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ រួមទាំងសមិទ្ធផលការងារថ្មីៗ ដែលសម្រេចបាននៅក្នុងអាណត្តិទី៦ ក្រោមការដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ារយៈពេលជាង ៣ខែមកនេះ។ ការងារទាំងនោះរួមមាន ការរៀបចំសមាសភាពក្រុមប្រឹក្សាភិបាល, គណៈប្រតិបត្តិ និងក្រុមការងារសមាគម, ការកែសម្រួលលក្ខន្តិកៈសមាគម, ការប្រមូលកៀរគរធនធានមនុស្សមកពីអន្តរវិស័យ និងធនធានថវិកា ដើម្បីគាំទ្រដល់សកម្មភាពរបស់សមាគម ជាដើម។ ដោយឡែកចំពោះសកម្មភាពវិញ សមាគមបានរៀបចំ និងចូលរួមរៀបចំព្រឹត្តិការណ៍សង្គមវប្បធម៌ជាច្រើនរួចមកហើយ ហើយថ្មីៗនេះក៏បានដឹកនាំសិល្បករ-សិល្បការិនី ប្រមាណ ២០០នាក់ ចូលរួមអបអរសាទរមហាព្រឹត្តិការណ៍បើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណតេជោ»ផងដែរ រួមទាំងសកម្មភាពសប្បុរសធម៌ជួយសម្រួលដល់ជីវភាពសិល្បករចាស់ជរា និងបាត់បង់សមត្ថភាពក្នុងការសម្តែង ត្រូវបានអនុវត្តជាបន្តបន្ទាប់។

ក្រៅអំពីនេះលោកជំទាវអ្នកឧកញ៉ាប្រធានសមាគម ក៏បានជម្រាបជូនពីផែនការសកម្មភាពនានាជាបន្តបន្ទាប់ របស់សមាគមក្នុងការចូលរួមលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ ផ្សារភ្ជាប់នឹងវិស័យទេសចរណ៍ផងដែរ។

ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិកសមាជិកា សមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា បានបង្ហាញឆន្ទៈប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយជំរុញលើកស្ទួយ អភិរក្ស និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ខ្មែរដ៏ល្អផូរផង់ ឱ្យកាន់តែមានកិត្យានុភាពបន្ថែមទៀតទាំងលើឆាកជាតិ និងអន្តរជាតិ ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានាពេលបច្ចុប្បន្ន។

ក្នុងនោះលោកជំទាវអ្នកឧកញ៉ា ប្រធានសមាគមសិល្បករខ្មែរ ក៏បានស្នើឱ្យមានការចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមសិល្បករខ្មែរ ជាមួយនឹងសមាគមកាយឫទ្ធិកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA) ដើម្បីធ្វើកិច្ចការងារ សង្គមរួមគ្នាផងដែរ។

ជាការឆ្លើយតប លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១ នៃកម្ពុជាបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមសិល្បករខ្មែរ ក្រោមការដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធានក្នុងរយៈពេលកន្លងមកនេះ ដែលបានធ្វើកិច្ចការងារជាច្រើនក្នុងការចូលរួមលើកកម្ពស់វិស័យសិល្បៈវប្បធម៌ ក៏ដូចជាកិច្ចការងារចូលរួមចំណែកជួយដល់សង្គមជាតិ។ លោកជំទាវបណ្ឌិតក៏សូមកោតសរសើរនូវការផ្ដួចផ្ដើមបង្កើតសមាគមសិល្បករនេះឡើង នាអាណត្តិជាបន្តបន្ទាប់កន្លងមកផងដែរ ព្រោះការងារបង្កើតសមាគម ឬអង្គការជារឿងងាយស្រួល តែការថែរក្សា និងការគ្រប់គ្រងឱ្យមានសកម្មភាពជារឿងលំបាក។

ទោះបីជាយ៉ាងណា លោកជំទាវបណ្ឌិត ក៏បានផ្ដល់អនុសាសន៍ណែនាំជាច្រើនដល់ជាអាទិ៍៖

*ទី១៖ លោកជំទាវបណ្ឌិត បានលើកទឹកចិត្តដល់សមាគមសិល្បករខ្មែរ ធ្វើយ៉ាងណាពង្រីកវិសាលភាពបន្ថែមទៀត តាមរយៈការប្រមូលសិល្បករដែលមិនទាន់បានចុះឈ្មោះជាសមាជិក ឱ្យក្លាយជាសមាជិក ដើម្បីងាយស្រួលបានដឹងពីសុខទុក្ខ និងធ្វើការជាមួយគ្នាបានល្អ ជាពិសេសអាចជួយគ្នាទៅវិញទៅមកបាន។ 

*ទី២៖ បន្តចូលរួមលើកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ ជាពិសេសការថែរក្សា និងអភរិក្សចំពោះទម្រង់សិល្បៈវប្បធម៌ ដែលកំពុងមានការប្រឈម តាមអនុសាសន៍ណែនាំរបស់សម្ដេចធិបតីនាពេលកន្លងមក ដោយខិតខំអភិរក្សធនធានទាំងនោះឡើងវិញ។ 

*ទី៣៖ លោកជំទាវក៏បានស្នើសុំឱ្យសមាគមធ្វើយ៉ាងណា គិតគួរដល់អ្នកជំនាន់ក្រោយ ដែលជាអ្នកបន្តវេន ព្រោះថាសិល្បករ-សិល្បការិនី ជំនាន់មុនមានវ័យកាន់តែចាស់ទៅហើយ។ ក្នុងនោះមានទម្រង់សិល្បៈមួយចំនួនកាន់តែខ្សត់អ្នកចង់រៀនសូត្របន្តវេន។ ដូច្នេះអាចគិតគួរធ្វើយ៉ាងណាឱ្យកូនៗរបស់អ្នកសិល្បករ-សិល្បការិនី ដែលចង់បន្តវេនពីឪពុកម្ដាយរបស់ពួកគាត់។

*ទី៤៖ លោកជំទាវបណ្ឌិតបានស្នើដល់សិល្បករ-សិល្បការិនីទាំងអស់ ធ្វើជាទូតសុឆន្ទៈក្នុងការផ្សព្វផ្សាយពីសិល្បៈវប្បធម៌ និងទេសចរណ៍របស់ជាតិតាមរយៈការស្លៀកពាក់ ដោយផ្សារភ្ជាប់ជាមួយតំបន់ទេសចរណ៍ជាដើម។

*ទី៥៖ លោកជំទាវបានស្នើដល់អ្នកសិល្បៈមានការប្រុងប្រយ័ត្ន គួរចៀសវាងការបង្កើតមាតិការណាមិនពិតទៅជារឿងបំពុលសង្គម ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម ជាពិសេសរឿងជំនឿសាសនា។ ពោលគឺត្រូវធ្វើជាគំរូសម្រាប់អ្នកគាំទ្រ ក្នុងការផ្សព្វផ្សាយពីសីលធម៌ គុណធម៌ សច្ចធម៌ជាដើម។

*ទី៦៖ លោកជំទាវបណ្ឌិតជំទាវបានលើកទឹកចិត្តដល់សមាគមសិល្បករខ្មែរ ធ្វើការផ្សារភ្ជាប់ជាមួយវិស័យឯកជន ជាពិសេសវិស័យសិល្បៈបុរាណ ដែលអាចជួយលើកតម្កើង និងជួយដល់ជីវភាពសិល្បករផងដែរ។

ជាចុងបញ្ចប់ លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ក៏បានស្វាគមន៍នូវសំណើររបស់អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ក្នុងការចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមសិល្បករខ្មែរជាមួយនឹងសមាគមកាយឫទ្ធិកម្ពុជា ក៏ដូចជាសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (TYDA) ដើម្បីធ្វើកិច្ចសហប្រតិបត្តិការធ្វើការងារសង្គម សិល្បៈវប្បធម៌ និងការងារមនុស្សធម៌រួមគ្នានៅពេលខាងមុខ៕

Share This Post: