យន្តហោះមួយគ្រឿងបានធ្វើការចុះចតជាបន្ទាន់ ក្រោយអ្នកដំណើរមួយចំនួនរាយការណ៍អំពីករណី ឃើញសត្វចៃយ៉ាងច្រើននៅលើក្បាលស្រ្តីម្នាក់
- BY
- Pheakdey
- August 7, 2024
អាមេរិក៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានសម្រេចធ្វើការចុះចតជាបន្ទាន់ក្រោយក្រុមអ្នកដំណើរមួយចំនួនបាននាំគ្នារាយការណ៍អំពីករណី ឃើញសត្វចៃយ៉ាងច្រើននៅលើក្បាលរបស់ស្រ្តីជាអ្នកដំណើរម្នាក់ ដែលកំពុងអង្គុយនៅក្បែរពួកគាត់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៧ ខែសីហា។ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះគឺជាយន្តហោះសម្រាប់ដឹកអ្នកដំណើរក្នុងស្រុករបស់ក្រុមអាកាចរណ៍ American Airlines ដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក។

ប្រភពខាងលើបានបន្តថា ហេតុការណ៍ដ៏កម្រនេះបានកើតឡើងចំពោះជើងហោះហើរ ដែលមានទិសដៅចេញដំណើរពីទីក្រុង Los Angeles ឆ្ពោះទៅកាន់ទីក្រុង New York ខណៈទីតាំងដែលបានយន្តហោះបានសុំធ្វើការចុះចតជាបន្ទាន់នោះគឺព្រលានយន្តហោះអន្តរជាតិក្នុងទីក្រុង Phoenix នៃរដ្ឋ Arizona។ បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានបញ្ជាក់ថា ការសម្រេចចុះចតជាបន្ទាន់នេះត្រូវបានធ្វើឡើងក្រោមហេតុផល “បំពេញតម្រូវការវេជ្ជសាស្រ្តទៅកាន់អតិថិជន” ដ្បិតក្រុមអ្នកដំណើរ ដែលបានរាយការណ៍អំពីករណីខាងលើនេះគឺពួកគេមិនអាចទ្រាំជាមួយភាពកខ្វក់ដែលពួកគេបានឃើញនោះឡើយ។ យ៉ាងណាក្តី ក្រោយការចុះចតបានរយៈពេល ១ម៉ោង យន្តហោះក៏បានបន្តដំណើរឡើងវិញជាធម្មតា ហើយហេតុការណ៍នេះមិនបានបង្កឱ្យមានបញ្ហាធ្ងន់ធ្ងរចំពោះអ្នកដំណើរណាម្នាក់នោះទេ ខណៈនៅក្នុងសេចក្តីថ្លែងការរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines មិនបានបញ្ជាក់អំពីចំណាត់ការ ដែលក្រុមហ៊ុនបានអនុវត្តចំពោះស្រ្តីជាអ្នកដំណើរ ដែលមានចៃយ៉ាងច្រើននៅលើក្បាលនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






