កូរ៉េខាងត្បូង នឹងអនុវត្តច្បាប់ពិន័យអ្នកចែកចាយសាច់ឆ្កែជាប្រាក់ជាង ២ម៉ឺនដុល្លារ ឬដាក់ពន្ធនាគាររហូតដល់ ៣ឆ្នាំ
- BY
- Pheakdey
- August 8, 2024
កូរ៉េខាងត្បូង៖ ច្បាប់ស្តីពីការហាមឃាត់ការបង្កាត់ពូជ ឬការចិញ្ចឹមសត្វឆ្កែនៅក្នុងកសិដ្ឋានសម្រាប់លក់ជាអាហារ និងការចែកចាយសាច់ឆ្កែនៅក្នុងប្រទេសកូរ៉េខាងត្បូងបានចូលជាធរមានហើយនៅក្នុងថ្ងៃទី៧ ខែសីហានេះ ខណៈការអនុវត្តដោយពេញលេញនូវច្បាប់ដ៏ចម្រូងចម្រាសនេះនឹងត្រូវធ្វើឡើងចាប់ពីខែកុម្ភៈ ឆ្នាំ២០២៧។ ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលក៏បានត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់ប្រាក់សំណងនិងជួយដោះស្រាយបញ្ហាផ្សេងៗចំពោះក្រុមពលរដ្ឋ ដែលបានរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពីការអនុវត្តច្បាប់ខាងលើនេះ។ បើតាមអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់ថា ក្រោយច្បាប់ចូលជាធរមានភ្លាមៗនឹងមានហាងលក់សាច់ឆ្កែជាង ៥,៦០០កន្លែងត្រូវបិទទ្វារឈប់ធ្វើអាជីវកម្ម ហើយពួកគេក៏ត្រូវបាត់បង់ប្រាក់ចំណូលទាំងស្រុងផងដែរ។

នៅចំពោះមុខផលប៉ះពាល់នេះ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទកូរ៉េខាងត្បូងបានត្រៀមថវិកាចំនួន ១៥០ពាន់លានវ៉ុន (ជាង១១០ លានដុល្លារ) ក្នុងមួយឆ្នាំសម្រាប់ផ្តល់ជាប្រាក់សំណងទៅកាន់ក្រុមអាជីវករលក់សាច់ឆ្កែតាមទំហំនៃការប៉ះពាល់ជាក់ស្តែងផ្សេងៗគ្នា ហើយការផ្តល់ប្រាក់សំណងនេះនឹងត្រូវបន្តធ្វើឡើងរហូតដល់ឆ្នាំ២០២៧។ ប្រភពខាងលើបានបន្តថា ការសម្រេចផ្តល់ប្រាក់សំណងក្នុងរយៈពេលជិត ៣ឆ្នាំនេះត្រូវបានធ្វើឡើងក្រោមហេតុផលថា ក្រោយបិទអាជីវកម្មភ្លាមក្រុមអាជីវករមិនអាចទៅបង្កើតមុខរបរឬអាជីវកម្មណាមួយផ្សេងទៀតមកជំនួយអាជីវកម្មចាស់បានភ្លាមៗនោះទេ។ បន្ថែមពីការផ្តល់ប្រាក់សំណង អាជ្ញាធរក៏បន្តជួយគាំទ្រនិងជម្រុញអាជីវកម្មឬមុខរបរថ្មីរបស់ក្រុមពលរដ្ឋទាំងអស់នេះរហូតដល់ឆ្នាំ២០២៧ ផងដែរ។
យ៉ាងណាក្តី ក្រោយច្បាប់ខាងលើនេះត្រូវបានអនុវត្តដោយពេញលេញក្នុងឆ្នាំ២០២៧នោះ អាជ្ញាធរកូរ៉េខាងត្បូងក៏អាចធ្វើការផាកពិន័យចំពោះអ្នកពាក់ព័ន្ធក្នុងការធ្វើអាជីវកម្មសាច់ឆ្កែយ៉ាងឆ្ងន់ធ្ងរផងដែរ ដោយអ្នកចិញ្ចឹមសត្វឆ្កែសម្រាប់លក់ជាអាហារត្រូវប្រឈមនឹងការផាកពិន័យជាប្រាក់ចំនួន ២០លានវ៉ុន (ជាង ១,៤ម៉ឺនដុល្លារ) ឬប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ខណៈអ្នកចែកចាយសាច់ឆ្កែវិញគឺត្រូវប្រឈមនឹងការផាកពិន័យជាប្រាក់ចំនួន ៣០លានវ៉ុន (ជាង ២,១ម៉ឺនដុល្លារ) ឬត្រូវប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






