Samsung ប្រកាសប្រមូលយកចង្ក្រានអគ្គិសនីជាង ១លានគ្រឿងមកវិញ ក្រោយរកឃើញមានចង្រ្កានជាង ២៥០គ្រឿង មានបញ្ហាបច្ចេកទេសដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រស់
- BY
- Pheakdey
- August 9, 2024
អាមេរិក៖ ក្រុមហ៊ុនអេឡិចត្រូនិច Samsung បានប្រកាសប្រមូលយកចង្រ្កានអគ្គិសនីជាង ១ លានគ្រឿងពីអតិថិជនរបស់ខ្លួនមកវិញ ក្រោយបានរកឃើញថាចង្ក្រានមួយចំនួនរបស់ក្រុមហ៊ុនខ្លួនមានបញ្ហាបច្ចេកទេស ដែលអាចបង្កឱ្យភ្លើងឆេះនិងបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៩ ខែសីហានេះបានឱ្យដឹងថា ការប្រកាសប្រមូលយកចង្ក្រានមកវិញនេះត្រូវបានធ្វើឡើងនៅក្នុងក្របខណ្ឌសម្រាប់តែក្រុមអ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ខណៈផលិតផលចង្រ្កានអគ្គិសនីរបស់ក្រុមហ៊ុន Samsung នៅក្រៅពីសហរដ្ឋអាមេរិកពុំមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់ឡើយ។

បើយោងតាមគណៈកម្មការសុវត្ថិភាពផលិតផលអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកបានបញ្ជាក់ថា ចង្រ្កានរបស់ក្រុមហ៊ុន Samsung ដែលត្រូវប្រមូលយកមកវិញនៅពេលនេះគឺជាប្រភេទចង្រ្កានអគ្គិសនីដែលក្រុមហ៊ុនបានបានដាក់លក់នៅក្នុងឆ្នាំ២០២៣ មានចំនួន ៣០ម៉ូឌែល និងមានចំនួនសរុបជាង ១,១លានគ្រឿង។ ប្រភពខាងលើបានបន្តថា ក្រោយការប្រមូលយកមកវិញនេះគឺភាគីខាងក្រុមហ៊ុននឹងធ្វើការបំពាក់នូវឧបករណ៍សុវត្ថិភាព ឬកែតម្រូវបញ្ហាបច្ចេកទេសមួយចំនួននៅក្នុងចង្ក្រានទាំងនោះជូនអតិថិជនដោយមិនគិតថ្លៃនោះទេ។ សូមបញ្ជាក់ជូនថា វិធានការខាងលើនេះត្រូវធ្វើឡើងក្រោយគេទទួលបានរបាយការណ៍ថា មានចង្ក្រានអគ្គិសនីរបស់ក្រុមហ៊ុន Samsung ជាង ២៥០គ្រឿងបានបង្កឱ្យមានភ្លើងឆាបឆេះក្នុងអំឡុងពេលប្រើប្រាស់ និងបានបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ចំនួន ៤០ករណី បណ្តាលឱ្យមានសត្វចិញ្ចឹមនៅក្នុងផ្ទះបាត់បង់ជីវិតចំនួន ៧ករណី និងបានបណ្តាលឱ្យមានភ្លើងឆេះបំផ្លាញទ្រព្យសម្បតិ្តរបស់អ្នកប្រើប្រាស់ចំនួន ១៨ករណីផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






