ក្រសួងធនធានទឹក៖ ព្យុះទី៥ឈ្មោះ ម៉ារីយ៉ា (Maria) បានថយឥទ្ធិពលមកលើខ្យល់មូសុងនិរតី ខណៈសម្ពាធទាបគ្របដណ្ដប់លើផ្ទៃអាងទន្លេមេគង្គ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសសម្រាប់ទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។

ក្រសួងធនធានទឹក បានឱ្យដឹងថា ព្យុះទី៥ឈ្មោះ ម៉ារីយ៉ា (Maria) បានថយឥទ្ធិពលមកលើខ្យល់មូសុងនិរតី ខណៈសម្ពាធទាប គ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤៖
១-តំបន់វាលទំនាប៖
-សីតុណ្ហភាពអប្បបរមា ២៤°C និងសីតុណ្ហភាពអតិបរមា ៣៥°C ។ ខ្យល់បក់មកពីទិសនិរតី និងបស្ចឹម មានល្បឿនមធ្យម ៣,៥០ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង កណ្ដាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១០%។
២-តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពអប្បបរមា ២៣°C និងសីតុណ្ហភាពអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងពាយ័ព្យ មានល្បឿនមធ្យម ២,៣៥ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្ដរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២០%។
៣-តំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា ២៣°C និងសីតុណ្ហភាពអតិបរមា ៣៣°C ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿនមធ្យម ២,៥០ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ១៥%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕

អត្ថបទ៖ និស្ស័យ
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម