អន្តរជាតិ

ភ្ញៀវទេសចររាប់ពាន់នាក់សម្រេចលុបចោលដំណើរកម្សាន្តទៅកាន់ជប៉ុន ក្រោយអ្នកជំនាញព្រមានពីលទ្ធភាពនៃការកើតមានគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ

BY
Pheakdey
August 14, 2024

ជប៉ុន៖ អ្នកទេសចររាប់ពាន់នាក់បានសម្រេចលុបចោលដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុនព្រោះតែការព្រួយបារម្ភអំពីបញ្ហារញ្ជួយដី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី១៣ ខែសីហា។ ការរាប់ចំនួនអ្នកទេសចរខាងលើនេះត្រូវបានធ្វើឡើងតាមរយៈការរាប់ចំនួនបន្ទប់សណ្ឋាគារ ដែលក្រុមអ្នកទេសចរខកខានមិនបានមកស្នាក់នៅបន្ទាប់ពីពួកគេបានធ្វើការកក់ទុកមកជាយូរមកហើយ។

បើយោងតាមសមាគមន៍សណ្ឋាគារជប៉ុន Susumu Nishitani​ បានបញ្ជាក់ថា បើគិតតែចំនួនបន្ទប់សណ្ឋគារដែលត្រូវបានលុបចោលនោះគឺមានចំនួនជាង ៩,៤០០បន្ទប់ ឬស្មើនឹងប្រាក់ប្រមាណជា ១៤០លានយន់ (៩៤៨,០០០ដុល្លារ)។ គួររម្លឹកជូនថា កាលពីសប្តាហ៍កន្លងទៅនេះប្រទេសជប៉ុនបានជួបប្រទះនូវគ្រោះរញ្ជួយដីចំនួន ៣ដងក្នុងរយៈពេលត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ ហើយគ្រោះរញ្ជួយដីទាំងនោះបានបណ្តាលឱ្យមានពលរដ្ឋមួយចំនួនរងរបួស និងមានការខូតខាតផ្ទះសម្បែង អាគារ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។ ជាងនេះទៅទៀត ក្រុមអ្នកជំនាញបានព្រមានថា ជប៉ុនមានលទ្ធភាពចន្លោះពី ៧០ទៅ៨០% ក្នុងការកើតមានគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរមួយ ដែលអាចបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតខ្ទង់ ២៣ម៉ឺននាក់ក្នុងពេលខាងមុខ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: