អន្តរជាតិ

កុមារវៀតណាមរាប់ពាន់នាក់ត្រូវកាត់ផ្តាច់ពីការសិក្សា ក្រោយសហគមន៍របស់ពួកគេត្រូវហ៊ុមព័ទ្ធដោយទឹកជំនន់

BY
Pheakdey
August 20, 2024

វៀតណាម៖ កុមារជាង ៤,៥០០នាក់រស់នៅតាមសហគមន៍ជាច្រើ​នក្នុងតំបន់ភាគខាងជើង នៃប្រទេសវៀតណាម កំពុងតែជួបប្រទះបញ្ហាលំបាកយ៉ាងខ្លាំងនៅក្នុងការធ្វើដំណើរទៅសាសារៀនព្រោះតែបញ្ហាទឹកជំនន់ និងបញ្ហាបាក់ដី នេះបើយោងតាមរបាយការណ៍មួយរបស់អង្គការ Save the Children ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២០ ខែសីហា។ ផលវិបាកសម្រាប់ក្មេងៗវៀតណាមនៅពេលនេះគឺជាផលប៉ះពាល់បង្កឡើងដោយសារបញ្ហាព្យុះភ្លៀង និងជំនន់ទឹកភ្លៀង ដែលបានវាយប្រហារតំបន់ប៉ែកខាងជើងប្រទេសវៀតណាមជាបន្តបន្ទាប់តាំងតែពីដើមខែកក្កដាមកម្លេះ។

នៅក្នុងរបាយការណ៍ដដែលនេះបានបញ្ជាក់ថា ឧបសគ្គចម្បងដែលធ្វើឱ្យកុមារវៀតណាមជាច្រើននាក់ត្រូវខកខានមិនបានទៅសាលារៀននោះគឺដោយសារតែសហគមន៍រស់នៅរបស់ពួកគេត្រូវបានទឹកជន់លិចព័ទ្ធជុំវិញ និងបានកាត់ផ្តាច់តំបន់ទាំងនោះឱ្យពិបាកធ្វើដំណើរមកកាន់ទីប្រជុំជនតែម្តង។ ប្រភពខាងលើបានបន្តថា​ ក្រៅតែពីបានបង្កផលប៉ះពាល់ដល់ការសិក្សារបស់កុមារហើយ ឥទ្ធិរបស់ព្យុះភ្លៀងជាបន្តបន្ទាប់មកនេះក៏បានបណ្តាលឱ្យមានសាលារៀនចំនួន ២៩កន្លែងបានរងនូវការបំផ្លាញ ផ្ទះចំនួន ២,៦៧០ខ្នងបានរងនូវការខូចខាត ពលរដ្ឋជាង ១,៣លានបានរងនូវការប៉ះពាល់ដោយប្រយោល ខណៈពលរដ្ឋចំនួន១១នាក់បានស្លាប់បាត់បង់ជីវិតផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖

Share This Post: