រដ្ឋមន្ត្រីហិវញ្ញវត្ថុចាំផ្ទះថៃលើកឡើងថា សេដ្ឋកិច្ចថៃស្ទើរតែធ្លាក់ចូលទៅក្នុងវិបត្តិហើយ
- BY
- Pheakdey
- August 21, 2024
ថៃ៖ សេដ្ឋកិច្ចរបស់ប្រទេសថៃស្ទើរតែធ្លាក់ចូលទៅក្នុងវិបត្តិហើយ នេះបើយោងតាមការលើកឡើងរបស់ លោក Pichai Chunhavajira ដែលជារដ្ឋមន្ត្រីហិវញ្ញវត្ថុចាំផ្ទះថៃ។យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២១ ខែសីហាបានបញ្ជាក់ថា ការថ្លែងរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុចាំផ្ទះរូបនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលលោកអញ្ជើញទៅចូលរួមសិក្ខាសាលាអាជីវកម្មមួយ ដែលរៀបចំឡើងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។

បើតាមលោករដ្ឋមន្ត្រី Pichai Chunhavajira បានបញ្ជាក់ថា មានមូលហេតុធំៗចំនួន ២ ដែលកំពុងទាញឱ្យសេដ្ឋកិច្ចថៃធ្លាក់យ៉ាងខ្លាំង គឺការធ្លាក់ចុះការនាំចេញ និងការផលិតគ្មានការប្រកួតប្រជែង។ លោកបានបន្តថា នាពេលកន្លងមកការនាំចេញគឺជាប្រភពចំណូលដ៏សំខាន់មួយសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចថៃ ពោលគឺមានទំហំប្រមាណជា ៧០% នៃចំណូលសរុបរបស់ថៃទាំងមូលតែម្តង។ យ៉ាងណាក្តី ប៉ុន្មានឆ្នាំចុងក្រោយនេះការនាំចេញរបស់ថៃបានធ្លាក់ចុះយ៉ាងគំហុក ដែលធ្វើឱ្យក្រុមអ្នកផលិតស្ទើរតែគ្រប់វិស័យមិនអាចសម្រេចផែនការលក់តាមការគ្រោងទុកនោះទេ។ ចំពោះការប្រកួតប្រជែងតម្លៃក្នុងការផលិតវិញក៏កំពុងតែក្លាយជាបញ្ហាគួរឱ្យកត់សម្គាល់មួយផងដែរ ពោលគឺការផលិតនៅក្នុងប្រទេសថៃត្រូវចំណាយដើមទុនច្រើន ដែលធ្វើឱ្យផលិតផលត្រូវមានតម្លៃខ្ពស់ ហើយកត្តានេះបានជំរុញឱ្យពលរដ្ឋថៃជាច្រើនងាកទៅទិញផលិតផល Online ពីប្រទេសចិន ដែលមានតម្លៃថោកជាងផលិតផលនៅក្នុងស្រុក៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






