ថៃ រាយការណ៍ពីករណីរកឃើញ អ្នកជំងឺអុតស្វាជាលើកដំបូង
- BY
- Pheakdey
- August 21, 2024
ប្រទេសថៃបានរាយការណ៍អំពីករណីរកឃើញអ្នកជំងឺអុតស្វា (Mpox) ជាលើកដំបូងក្នុងការរាតត្បាតជាសលកជាថ្មីម្តងទៀតនេះ ពោលគឺគិតចាប់តាំងពីដើមឆ្នាំ២០២៤ រហូតមកទល់នឹងពេលនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី២១ ខែសីហាបានបញ្ជាក់ថា អ្នកជំងឺអុតស្វារូបនេះ គឺជាអ្នកដំណើរមកពីតំបន់អាហ្វ្រិក ដែលជាតំបន់កំពុងមានការរាតត្បាតជំងឺអុតស្វាយ៉ាងខ្លាំង។

បើតាមលោក Thongchai Keeratihattayakorn ដែលជាប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសថៃបានបញ្ជាក់ថា គិតត្រឹមពេលនេះអ្នកជំងឺត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកតែម្នាក់ឯង ដើម្បីទទួលបានការព្យាបាលនៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងបាងកក ខណៈសំណាកមេរោគជំងឺអុតស្វារបស់អ្នកជំងឺកំពុងស្ថិតនៅក្នុងមន្ទីរពិសោធន៍ ដើម្បីពិនិត្យឱ្យដឹងច្បាស់ថា មេរោគនៃជំងឺអុតស្វានោះគឺជាមេរោគបំប្លែងខ្លួនថ្មី ឬយ៉ាងណា។ ប្រធាននាយកដ្ឋានរូបនេះបានបន្តថា តាមការសន្និដ្ឋានបឋមគឺមេរោគក្នុងករណីខាងលើនេះទំនងជាមេរោគបំប្លែងខ្លួនថ្មីប្រភេទ Clade 1 ដែលមានលក្ខណៈគ្រោះថ្នាក់ខ្លាំង តែការកំណត់ប្រភេទមេរោគផ្លូវការនឹងត្រូវធ្វើឡើងក្រោយគេទទួលបានលទ្ធផលពិសោធន៍ក្នុងរយៈពេល ២ថ្ងៃបន្ទាប់ទៀត៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






