ជប៉ុន ជំរុញឱ្យបញ្ឈប់សកម្មភាពដែលពលរដ្ឋភ័យស្លន់ស្លោទៅទិញអង្ករមករក្សាទុក
- BY
- Pheakdey
- August 27, 2024
ជប៉ុន៖ អាជ្ញាធរជប៉ុនបានចេញមកព្រមានប្រឆាំងទៅនឹងសកម្មភាព ដែលពលរដ្ឋនាំគ្នាភ័យស្លន់ស្លោទៅទិញអង្ករមកស្តុកទុក នេះបើយោងការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី២៧ ខែសីហា។ ការព្រមាននេះត្រូវបានធ្វើឡើងក្រោយពលរដ្ឋជាជប៉ុនជាច្រើនបាននាំគ្នាសម្រុកទៅទិញអង្ករយ៉ាងច្រើនយកមករក្សាទុកនៅតាមផ្ទះ ដោយពួកគេព្រួយបារម្ភអំពីហានិភ័យនៃការកើតមានគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ ខណៈជប៉ុនក៏ត្រូវមានថ្ងៃឈប់ថ្នាក់ជាតិរយៈពេលវែងពេញមួយសប្តាហ៍ផងដែរ។ 
យ៉ាងណាក្តី បើតាមលោក Tetsushi Sakamoto រដ្ឋមន្ត្រីក្រសួងកសិកម្មជប៉ុនបានចេញមកបញ្ជាក់ថា ការប្រមូលផលស្រូវពីសំណាក់កសិករជប៉ុននៅតែអាចបន្តធ្វើឡើងជាធម្មតា ខណៈតំបន់កសិកម្មខ្លះថែមទាំងអាចធ្វើការប្រមូលផលស្រូវបានលឿនជាងការរំពឹងទុកមួយសប្តាហ៍ទៀតផង ដូចនេះការដាក់លក់អង្ករនៅតាមទីទីផ្សារនៅតែអាចបន្តធ្វើបាន ហើយការខ្វះខាតអង្ករនឹងមិនក្លាយជាបញ្ហាចម្បងឡើយ។
គួររម្លឹកជូនថា កាលពីសប្តាហ៍កន្លងទៅក្រុមអ្នកជំនាញបានអះអាងថា ជប៉ុនមានភាគរយខ្ពស់ណាស់ក្នុងការកើតមានគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ និងអាចបណ្តាលឱ្យមានពលរដ្ឋរាប់ម៉ឺននាក់ត្រូវបាត់បង់ជីវិតទៀតផង។ ក្រោយមានការព្រមាននេះ និងបូកបន្ថែមដោយស្ថានភាពបរិយាកាសមិនអំណោយផលដែលកំពុងកើតមាននៅប្រទេសជប៉ុននាពេលបច្ចុប្បន្នទៀតនោះ ពោលគឺជប៉ុនកំពុងរងការប្រហារដោយព្យុះទីហ្វុង Shanshan ទើបធ្វើឱ្យពលរដ្ឋជប៉ុនជាច្រើនផ្អើលនាំគ្នាទៅទិញអង្ករមកទុកតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






