អន្តរជាតិ

ឥណ្ឌាមានពលរដ្ឋជាមធ្យម ១,៩០០នាក់បាត់បង់ជីវិតដោយសាររន្ទះបាញ់ក្នុងមួយឆ្នាំ ខណៈអ្នកវិទ្យាសាស្រ្តព្រមានថា​ ករណីនេះនឹងបន្តកើនឡើងកាន់ខ្ពស់ថែមទៀត

BY
Pheakdey
August 27, 2024

ឥណ្ឌា៖ ក្រុមអ្នកវិទ្យាសាស្រ្តបានព្រមានថា ករណីមានអ្នកស្លាប់បាត់បង់ជីវិតដោយសាររន្ទះបាញ់នឹងបន្តកើនឡើងកាន់តែខ្ពស់នៅក្នុងចំណោមពលរដ្ឋឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៧ ខែសីហា។ ការព្រមាននេះត្រូវបានធ្វើឡើងដោយផ្អែកលើការសិក្សាមួយ ដែលត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តជាច្រើននាក់ប្រចាំនៅក្នុងសាកលវិទ្យាល័យ Fakir Mohan ដែលស្ថិតនៅក្នុងរដ្ឋ Odisha ភាគខាងលិច នៃប្រទេសឥណ្ឌា។

នៅក្នុងការសិក្សាខាងលើនេះបានរកឃើញថា គិតចាប់តាំងពីឆ្នាំ ១៩៦៧ រហូតដល់មកដល់ឆ្នាំ ២០២០ មានពលរដ្ឋឥណ្ឌាចំនួន ១០១,៣០៩នាក់បានស្លាប់បាត់បង់ជីវិតដោយសាររន្ទះបាញ់ ខណៈករណីស្លាប់ដែមានខ្ពស់បំផុតបានកើតមាននៅក្នុងចន្លោះឆ្នាំ ២០១០ ដល់ឆ្នាំ ២០២០ ហើយបើគិតជាមធ្យមគឺក្នុងមួយឆ្នាំមានពលរដ្ឋឥណ្ឌាប្រមាណជា ១,៩០០នាក់បានស្លាប់ដោយសារបាតុភូតធម្មជាតិមួយនេះ។ ការសិក្សាដដែលនេះបន្តថា បាតុភូតរន្ទះបាញ់បានកើតឡើងដោយសារកត្តាអាកាសធាតុប្រែប្រួល ហើយឥណ្ឌាជាតំបន់មួយបានរងផលប៉ះពាល់ពីការប្រែប្រួលអាធាតុយ៉ាងខ្លាំងទាំងក្នុងពេលបច្ចុប្បន្ននិងពេលអនាគត ដូចនេះឥណ្ឌាក៏ត្រូវប្រឈមនឹងការកើតមានបញ្ហារន្ទះបាញ់កាន់តែច្រើនផងដែរនៅពេលខាងមុខ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: