តុលាការនូវែលសេឡង់បង្គាប់ឱ្យម្ចាស់ផ្ទះផ្តល់ប្រាក់សំណងជិត ៨ពាន់ដុល្លារទៅកាន់អ្នកជួលផ្ទះ ក្នុងករណីចម្រូងចម្រាសមួយបង្កឡើងដោយសត្វកន្លាត
- BY
- Pheakdey
- August 27, 2024
នូវែលសេឡង់៖ ក្រុមអ្នកជួលផ្ទះចំនួន ៦នាក់នៅក្នុងប្រទេសនូវែលសេឡង់បានទទួលប្រាក់សំណងសរុបចំនួន ១២,៦៤០ ដុល្លារនូវែលសេឡង់ (៧,៨៦៩ ដុល្លារអាមេរិក) ក្នុងករណីចម្រូងចម្រាសមួយ ដែលបង្កឡើងដោយសារសត្វកន្លាត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៧ ខែសីហា។ ប្រាក់សំណងខាងលើនេះត្រូវបានផ្តល់ជូនទៅកាន់ក្រុមអ្នកជួលផ្ទះក្នុងទម្រង់ជាការផ្តល់ប្រាក់សំណងជំងឺចិត្តផង និងក្នុងទម្រង់ជាការសងថ្លៃខូចខាតទ្រព្យសម្បត្តិមួយចំនួនផងដែរ។

ប្រភពខាងលើបានបន្តថា ការសម្រេចឱ្យមានប្រាក់រង្វាន់ខាងលើនេះត្រូវបានធ្វើឡើងដោយផ្អែកទៅលើកិច្ចសន្យាជួលផ្ទះរវាងក្រុមអ្នកជួលផ្ទះជាមួយនិងម្ចាស់ផ្ទះ ដែលបានធ្វើឡើងតាំងតែដើមឆ្នាំ ២០២៣មកម្លេះ។ នៅក្នុងកិច្ចសន្យាជួលផ្ទះនោះបានបញ្ជាក់ថា ភាគីជាអ្នកជួលផ្ទះព្រមផ្តល់ប្រាក់ជួលផ្ទះឱ្យទៅភាគីជាម្ចាស់ផ្ទះចំនួន ១,៣០០ ដុល្លារនូវែលសេឡង់ (៨០៩ ដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍ ខណៈភាគីជាម្ចាស់ផ្ទះត្រូវទទួលខុសត្រូវក្នុងការកម្ចាត់សត្វល្អិតជាប្រចាំ ដើម្បីធានាថា នៅក្នុងផ្ទះគ្មានការរំខានដោយពពួកសត្វល្អិតនោះទេ។
យ៉ាងណាក្តី នៅក្នុងផ្ទះជួលដែលជាកន្លែងកើតហេតុខាងលើស្រាប់តែមានហ្វូងសត្វកន្លាតយ៉ាងច្រើន ហើយហ្វូងសត្វកន្លាតទាំងនោះតែងមករំខានការគេងរបស់ក្រុមអ្នកជួលផ្ទះ និងបានធ្វើឱ្យម៉ាស៊ីនលាងចានរបស់ក្រុមអ្នកជួលផ្ទះចំនួន ២បានបានខូចទៀតផង។ នៅចំពោះមុខបញ្ហានេះ ភាគីខាងម្ចាស់ផ្ទះបានប្រើប្រាស់ថ្នាំ និងម៉ាស៊ីនមួយចំនួនសម្រាប់កម្ចាត់សត្វកន្លាត តែវិធីទាំងនោះគ្មានប្រសិទ្ធភាពឡើយ ពោលគឺហ្វូងសត្វកន្លាតនៅតែបន្តអុកឡុកកាន់តែខ្លាំងឡើងៗ។
ស្របពេលដែលបញ្ហាបានបន្តកើតមានកាន់តែខ្លាំងហើយភាគីជាម្ចាស់ផ្ទះគ្មានដំណោះស្រាយថ្មីសម្រាប់ភាគីអ្នកជួលផ្ទះនោះ ស្រាប់តែភាគីម្ចាស់ផ្ទះបានសម្រេចដំឡើងថ្លៃផ្ទះ ហើយបើយោងទៅតាមការកិច្ចសន្យាជួលផ្ទះគឺវាមិនទាន់ដល់ពេលដែលភាគីខាងម្ចាស់ផ្ទះអាចដំឡើងថ្លៃជួលផ្ទះបាននៅឡើយទេ។ បន្ទាប់មករឿងរ៉ាវដែលបានបង្កឡើងដោយសារតែសត្វកន្លាតនិងការដំឡើងថ្លៃជួលនេះក៏បានក្លាយជាជម្លោះធ្ងន់ធ្ងររហូតឈានដល់ការដាក់ពាក្យបណ្តឹងដល់តុលាការ។ ក្រោយបើកការស៊ើបអង្កេត អាជ្ញាធរនូវែលសេឡង់បានរកឃើញថា ភាគីខាងម្ចាស់ផ្ទះបានប្រព្រឹត្តកំហុសជាច្រើន ហើយតុលាការក៏បានបង្គាប់ឱ្យភាគីខាងម្ចាស់ផ្ទះត្រូវផ្តល់សំណងក្នុងទំហំទឹកប្រាក់ខាងលើនេះទៅកាន់ភាគីអ្នកជួលផ្ទះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






