PR

ខេត្តសក្ដានុពលទេសចរណ៍ល្បីៗចំនួន ៣ របស់ប្រទេសថៃ ដែលទេសចរភាគច្រើនមិនដែលមើលរំលង!

BY
Liny Chan
September 3, 2024

សម្រាប់ឱកាសពិសេសនិងថ្ងៃឈប់សម្រាប់ខាងមុខ និងក្នុងឱកាសឆ្លងឆ្នាំថ្មីផង មនុស្សម្នាចូលចិត្តធ្វើដំណើរកម្សាន្តមែនទែន ជាពិសេសទៅកាន់តំបន់សមុទ្រ មានព្រៃភ្នំ ទឹកធ្លាក់ ជាដើម។

ឱកាសពិសេសកាន់តែកៀកមកដល់អ៉ីចឹង! តើអ្នកមានគម្រោងទៅលេងកន្លែងណាខ្លះហើយឬនៅ? បើមិនទាន់មានទេ ចង់ណែនាំអ្នកទាំងអស់គ្នាមកសាកល្បងដើរលេងនៅតំបន់ទេសចរណ៍ ៣ខេត្តនៅភាគខាងត្បូងប្រទេសថៃ មានដូចជា ភូកេត, ក្រាប៊ី និង ផាំងង៉ា ធានាថា នឹងផ្ដល់ឱ្យអ្នក ជាមួយមនុស្សជាទីស្រលាញ់ទទួលបានការសម្រាកលំហែកាយនិងចិត្ត បានយ៉ាងពេញលេញ ជាមួយនឹងបទពិសោធន៍ទេសចរណ៍ដ៏ចម្រុះ ដែលបំពេញតម្រូវការរបស់អ្នកទេសចរគ្រប់វ័យ ហើយក៏ទទួលបានសេវាកម្មដែលមានតម្លៃសមរម្យនិងមានគុណភាពតាមស្តង់ដារអន្តរជាតិផងដែរ។

ទាំង ភូកេត ក្រាប៊ី និងផាំងង៉ា ស្ថិតនៅក្នុងតំបន់សមុទ្រអង់ដាម៉ាន ដែលមានឈ្មោះល្បីល្បាញរឿងទឹកសមុទ្រថ្លាឆ្វង់ ឆ្នេរខ្សាច់សក្បុស ទេសចរជាច្រើនដែលមកលេងតែងកោតសរសើរថា ជាឋានសួគ៌សម្រាប់អ្នកចូលចិត្តសមុទ្រ។

១.ភូកេត

មកដល់ភូកេត អ្នកអាចអង្គុយសម្រាកលំហែ និងដើរលេងតាមមាត់ឆ្នេរស្រូបយកខ្យល់បរិសុទ្ធ ដោយសារនៅទីនោះមានសមុទ្រដ៏ស្រស់ស្អាត ខ្សាច់សម៉ត់ ជាច្រើនកន្លែង ដូចជា ឆ្នេរសុរិន្ទ ឆ្នេរហ្វ្រីដម ឆ្នេរកាតាណយ ឆ្នេររ៉ាវៃ ឆ្នេរយ៉ានុយ និងឆ្នេរការ៉ុន។ ក្រៅពីនេះ អ្នករីករាយជាមួយការជិះទូកកម្សាន្ត និងមុជទឹកនៅតាមកោះដែលនៅជិតៗគឺ កោះហេ ដែលទីនោះមានសកម្មភាពកម្សាន្តលើទឹកជាច្រើនដូចជា ជិះទូកកាយ៉ាក លេងក្តាររអិល មុជទឹកមើលផ្កាថ្ម ឬមើលត្រីរាប់ពាន់ប្រភេទ ជិះជេតស្គី និងជិះបានានាបូត។ លើសពីនេះអ្នកក៏មិនគួររំលង ឆ្នេរម៉ៃខៅ ដែលជាកន្លែងថតរូបយន្តហោះពេលបន្ទាបខ្លួនចុះចតបានយ៉ាងស្រស់ស្អាតបំផុត។ ដើម្បីផ្ដិតយករូបភាពបានស្អាត និងមើលឃើញច្បាស់ពេលយន្តហោះ ហោះសំកាំងលើផ្ទៃសមុទ្រយ៉ាងស្រស់ស្អាតជាមួយផ្ទៃមេឃខៀវស្រងាត់ សូមណែនាំឱ្យមកកម្សាន្តអំឡុង ពេលព្រឹករហូតដល់ថ្ងៃត្រង់។

ចំពោះអ្នកចូលចិត្តផ្សងព្រេង មកភូកេតក៏ជាប់ចិត្តព្រោះមានកន្លែងជាច្រើនដែលស័ក្កិសមនឹងសកម្មភាពផ្សងព្រេង។ មិនតែប៉ុណ្ណោះបើអ្នកចូលចិត្តការកម្សាន្តបែបរំភើបព្រឺព្រួច កន្លែងលេងដែលអ្នកមិនគួរខកខាននោះ គឺជិះខ្សែរ៉ត ដែលជិះកាត់ព្រៃអមជាមួយទេសភាពធម្មជាតិស្រស់បំព្រង។

ដោយឡែកសម្រាប់អ្នកចូលចិត្តទេសភាពភ្លើងពណ៌ពេលរាត្រី ឆ្នេរបាតុង គឺជាកន្លែងដ៏ស័ក្កិសមបំផុតក្នុងការមកសម្រាក និងលេងកម្សាន្ត អ្នកនឹងទទួលបានភាពងាយស្រួលមួយកំប្លេតែម្ដងមិនថា សណ្ឋាគារ ភោជនីយដ្ឋាន ផាប់ បារាត្រី ផ្សារទំនើប និងសកម្មភាពច្រើនទៀត។

Promthep Cape (ឡែមព្រហ្មទេព) និង Laem Krating (ឡែមក្រៈថិង) គឺជាកន្លែងដ៏អស្ចារ្យសម្រាប់មើលថ្ងៃលិច។ ទេសភាពសមុទ្រដ៏ធំល្វឹងល្វើយ ហើយក៏មានទូកយ៉តស្អាតៗចតនៅកណ្ដាលសមុទ្រជាច្រើន ក្រោមពន្លឺព្រះអាទិត្យរៀបលិចបាត់ទៅក្នុងសមុទ្រនៅពេលល្ងាច បង្កើតបានជាទេសភាពដ៏ស្រស់ស្អាត ដែលធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍គយគន់យ៉ាងជក់ចិត្ត។

សម្រាប់អ្នកដែលចូលចិត្តការកម្សាន្តនាពេលរាត្រី ឆ្នេរសមុត្រ ប៉ាតុង (Patong Beach) ជាគោលដៅដ៏ល្អ។ នៅទីនេះមានសណ្ឋាគារ ភោជនីយដ្ឋាន បារ ហាង និងសកម្មភាពជាច្រើន ជាកន្លែងមួយដែលមានភាពសប្បាយរីករាយនាពេលល្ងាច ។

ទីកន្លែងដែលអ្នករឹតតែមិនគួរមើលរំលង គឺទីក្រុងចាស់ភូកេត ដែលជាកន្លែងល្បីល្បាញខ្លាំងមែនទែននៅភូកេតក្នុងការ Check in ។ នៅជុំវិញទីក្រុងអ្នកនឹងឃើញមានសំណង់ស្ថាបត្យកម្មប្រវត្តិសាស្រ្ត ចិន-ព័រទុហ្គាល់ ដ៏ស្រស់ស្អាត និងល្អឥតខ្ចោះ ដែលអ្នកអាចថតរូបស្អាតៗ ជាមួយបរិយាកាសក្នុងទីក្រុងបានយ៉ាងរីករាយ។ មិនតែប៉ុណ្ណោះ អ្នកក៏នឹងឃើញហាងលក់ដូរ ភោជនីយដ្ឋានល្បីៗ និងហាងកាហ្វេប្លែកៗជាច្រើនប្រភេទ ដែលអ្នកទេសចរអាចមកទស្សនា ថតរូបស្អាតៗបាន និង check in បានតាមចិត្ត។

សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍អំពីវប្បធម៌ និងប្រវត្តិសាស្រ្តវិញ កុំភ្លេចទៅទស្សនាវត្តឆឡុង ដែលជាវត្តបុរាណមានអាយុកាលរាប់សតវត្ស, ផ្ទះឈិនប្រឆា (Chinpracha House) ដែលជាស្ថាបត្យកម្មបុរាណ ចិន-ព័រទុហ្គាល់ និងសារមន្ទីរ ភូកេតថៃហួរ ដែលជាកន្លែងប្រមូលផ្តុំទៅដោយប្រវត្តិសាស្រ្តរបស់ទីក្រុងភូកេតនេះផ្ទាល់។

លើសពីនេះ នៅភូកេត មានកន្លែងជាច្រើនដែលផ្ដល់សេវាកម្មស្ប៉ា ម៉ាស្សា ទាំងបែបបុរាណ និងទំនើប ដោយប្រើប្រាស់វត្ថុធាតុផ្សំបុរាណ និងឧបករណ៍ទំនើបៗ ផ្ដល់នូវស្តង់ដារអន្តរជាតិ ដូច្នេះអ្នកដែលមានចំណាប់អារម្មណ៍លើទេសចរណ៍សុខភាព (Health & Wellness Tourism) ដឹងតែមិនខកចិត្តឡើយ។

ជាពិសេស វិថី «Soi Romnee» របស់ភូកេត ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញនៅភូកេត ដែលបានទទួលចំណាត់ថ្នាក់ទី ២០ ថាជាវិថីដែលស្រស់ស្អាតបំផុតលើពិភពលោក ពី Seasia.stats ក្នុងឆ្នាំ២០២៣ ថ្មីៗនេះ។ លើសពីនេះ ភូកេត ក៏ជាទីក្រុងដំបូងគេ នៅអាស៊ីអាគ្នេយ៍ ដែលត្រូវបានទទួលស្គាល់ ដោយអង្គការយូណេស្កូ ថាជាទីក្រុងដែលមានភាពច្នៃប្រតិដ្ឋបំផុតទៅលើសិល្បៈធ្វើម្ហូប ក្នុងឆ្នាំ២០១៥ ដែលមានហាងលក់ ម្ហូបអាហារឆ្ងាញ់ៗ ជាច្រើន រង់ចាំទទួលភ្ញៀវទេសចរមកទទួលទាន នៅក្នុងដំណើរកម្សាន្តរបស់ពួកគេ។

២. ក្រាប៊ី

ក្រាប៊ី ក៏មិនចាញ់ភូកេតប៉ុន្មានដែរ ក្រាប៊ីមានសមុទ្រដែលមានទេសភាពឆ្នេរស្អាតៗជាច្រើន រួមជាមួយសកម្មភាពកម្សាន្តលើទឹកដ៏សម្បូរបែប ដូចជា ឆ្នេរ អាងណាង, ឆ្នេរណារ៉ាត់ថារ៉ា ។ ពិសេសជាងគេនោះ គឺបណ្តុំកោះភីភី ដែលជាឋានសួគ៌សំរាប់អ្នកមុជទឹក ហើយក៏ល្បីល្បាញខ្លាំងលើពិភពលោកថាជាទីតាំងដែលអាចមើលទេសភាពនៃសមុទ្របានដល់ទៅ៣៦០ ដឺក្រេ។

ក្រៅពីនេះក៏មាន កោះហង់ ,កោះពុតដា និងទន្លេងវ៉ែក (Separated Sea) ដែលជាកន្លែងដ៏ទាក់ទាញមួយរបស់ក្រាប៊ី ។ នៅអំឡុងពេលទឹកស្រក អ្នកនឹងឃើញកន្លែងនេះ មានទឹកសមុទ្រអមសងខាង ហើយមានផ្លូវដើរនៅកណ្ដាល មើលទៅអស្ចារ្យមែនទែន។ មិនទាន់អស់នោះទេ បើអ្នកទៅក្រាប៊ី ចង់មើលថ្ងៃលិចស្អាត កុំរំលង ឆ្នេររ៉ៃឡេន ដែលមានសកម្មភាពកម្សាន្តច្រើនបែប តែលេចធ្លោជាងគេ គឺការឡើងភ្នំ (RockClimbing) មើលថ្ងៃលិច រហូតត្រូវបានគេដាក់ឈ្មោះឱ្យថាជា កន្លែងមើល“ព្រះអាទិត្យលិច” ដែលស្រស់ស្អាតបំផុតមួយរបស់ក្រាប៊ី។

នៅក្រាប៊ី ក៏មាន Tiger Cave Temple (វត្តថាំសឺរ) ដែលមានលក្ខណៈជាឧទ្យានព្រៃស្ថិតនៅលើភ្នំ ដើម្បីទៅដល់ទីនោះ អ្នកត្រូវដើរឡើងជណ្តើរ 1,260កាំ។ នៅខាងលើនោះក្រៅពីការបន់ស្រន់ អ្នកក៏អាចទស្សនាពពក និងទឹកសមុទ្រ ជាមួយព្រះអាទិត្យរះនៅពេលព្រឹក និងទិដ្ឋភាពទូលំទូលាយនៃទីក្រុងក្រាប៊ី។

លើសពីនេះក្រាប៊ី មានព្រៃជាប់សមុទ្រដែលមានធម្មជាតិសម្បូរបែប អនុញ្ញាតឱ្យអ្នកទេសចរអាចស្រូបយកខ្យល់បរិសុទ្ធបានយ៉ាងពេញទ្រូង និងសម្រាករំសាយអារម្មណ៍ជាមួយនឹងធម្មជាតិ ដើម្បីបំពេញថាមពលអោយខ្លួនឯង ដោយការជិះទូកក្ដោងទស្សនាព្រៃបៃតងក្រាស់ដែលអមសងខាង ឬក៏ជិះទូកកាយ៉ាក់ (Ao Tha lane) ។

អ្នកទេសចរក៏អាចត្រាំទឹកក្ដៅធម្មជាតិបាននៅទឹកធ្លាក់រ៉ន់ក្លង់តម (Hot Spring afterfall) ដែលត្រូវបានចាត់ទុកថា ជាទឹកក្ដៅបែបធម្មជាតិមួយក្នុងចំណោម ទឹកក្ដៅធម្មជាតិចំនួន ២ ក្នុងពិភពលោក ដែល១កន្លែងទៀត គឺនៅឯសាធារណរដ្ឋឆេក។ វាជាគឺជាទឹកធ្លាក់ដែលកើតឡើងដោយសារប្រភពទឹកក្តៅហូរចេញពីក្រោមដី មានសីតុណ្ហភាពប្រមាណ ៤២ អង្សាសេ ហើយមានសារធាតុរ៉ែជាច្រើនប្រភេទដែលមានប្រយោជន៍ចំពោះសុខភាព។ មិនតែប៉ុណ្ណោះ អ្នកក៏អាចត្រាំទឹកក្តៅបែបផ្ទាល់ខ្លួន រួមទាំងទទួលបានសេវាកម្ម wellness ផ្សេងៗទៀតដូចជា ការម៉ាស្សាថៃ ដើម្បីព្យាបាល និងជំនួយសុខភាព បានផងដែរ។

៣. ផាំងង៉ា

នៅផាំងង៉ា មានសមុទ្រស្អាតៗច្រើនមិនចាញ់គេឡើយ តែសមុទ្រដែលលេចធ្លោជាងគេ ទេសចរមិនដែលខកខានទៅលេងនោះមាន កោះភា, ឧទ្យានជាតិបណ្តុំកោះ មូត្យស៊ីមេឡាន់ន៍ – ឆ្នេរសុរិន្ទ ,កោះយ៉ាវ, កោះខៃ ដែលសុទ្ធសឹងតែជាឋានសួរសម្រាប់អ្នកមុជទឹក។

លើសពីនេះ នៅផាំងង៉ា អ្នកកុំភ្លេចទៅទស្សនាទេសភាព នៅស្មែដនាងឆី (Samet Nangshe viewpoint ) ដែលល្បីល្បាញថាជា ចំណតទស្សនាក្នុងការ Check in ។ ទន្ទឹមនឹងនេះទេសភាពព្រះអាទិត្យលិចដ៏អស្ចារ្យ និងពន្លឺពេលល្ងាចបានបង្កើតជារូបភាពដ៏ស្រស់ស្អាត អមជាមួយ ហាងអាហារ កន្លែងស្នាក់នៅ និងហាងកាហ្វេ ផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ភ្ញៀវទេសចរ។

ប្រសិនបើអ្នកធុញនឹងការទៅលេងឆ្នេរសមុទ្រ អ្នកអាចទៅលេងទីក្រុងចាស់ តាក់កួរប៉ា របស់ ផាំងង៉ា ដើរលេងមើលទេសភាព អគារ ផ្ទះ និងសំណង់ស្ថាបត្យកម្មព័រទុកាល់បុរាណៗនានា។ អ្នកក៏អាចមកផ្លាស់ប្ដូរបរិយាកាសពីឆ្នេរសមុទ្រ ដោយការជិះទូកដោលដោយឬស្សីយឺតៗ នៅ Komol’s Corner មើលធម្មជាតិ និងជីវភាពរស់នៅរបស់ប្រជាជននៅតាមបណ្តោយទន្លេ ។ នៅពេលជិះទូក អ្នកទេសចរ នឹងបានឃើញទឹកថ្លាឆ្វង់ ដែលឆ្លុះពណ៌ពីដើមឈើ ធ្វើឲ្យទឹកមានពណ៌បៃតងដូចជាមរកត។

ស្របពេលជាមួយគ្នានេះដែរ សម្រាប់ភ្ញៀវទេសចរកម្ពុជា ជាពិសេសអ្នករស់នៅក្នុងខេត្តសៀមរាប បាត់ដំបង និងរាជធានីភ្នំពេញ ដែលមានបំណងក្នុងការធ្វើដំណើរកម្សាន្តនៅតំបន់ទេសចរណ៍ដ៏សម្បូរបែបក្នុងខេត្តទាំង ៣ខាងលើនេះ នឹងកាន់មានភាពងាយស្រួលថែមទៀត ជាមួយនឹងការធ្វើដំណើរដោយជើងហោះហើរត្រង់ របស់ក្រមហ៊ុនអាកាសចរណ៍ AirAsia ពីសៀមរាប ទៅភូកេត ប្រចាំសប្តាហ៍ចំនួនបីលើក ចាប់ពីថ្ងៃទី 29 ខែតុលា ឆ្នាំ2024 ខាងមុខនេះ ។

ពីភូកេត អ្នកទេសចរអាចធ្វើដំណើរទៅកាន់ខេត្តក្រាប៊ី ដោយចំណាយពេលប្រហែល ៣ ម៉ោង និងចំណាយពេលប្រមាណតែ ២ម៉ោងប៉ុណ្ណោះ ដើម្បីទៅដល់ខេត្តផាំងង៉ា តាមរយៈរថយន្តឈ្នួល ដែលខេត្តទាំងបី នេះសុទ្ធតែជាតំបន់ទេសចរណ៍ល្បីៗដែលគួរឱ្យទាក់ទាញក្នុងប្រទេសថៃ និងមានសក្ដានុពលទេសចរផ្សេងៗពីគ្នា។

សម្រាប់អ្នកដែលចាប់អារម្មណ៍ និងចង់ស្វែងយល់បន្ថែមអំពីដំណើរទេសចរណ៍នៅប្រទេសថៃ និងដំណើរទេសចរណ៍នៅក្នុងខេត្តទាំង ៣ ដែលបានរៀបរាប់ខាងលើ សូមចូលទៅកាន់គេហទំព័រ https://www.tourismthailand.org/home ឬ ចូលទៅកាន់
Fanpage: Amazing Thailand in Cambodia ដើម្បីទទួលបានដំណើរកម្សាន្តមួយដ៏ពេញលេញ និងរីករាយ។
សម្រាកដើម្បីបំពេញថាមពលយ៉ាងជិតស្និទ្ធជាមួយនឹងធម្មជាតិយ៉ាងសម្បូរបែប!

Share This Post: