ទឹកជំនន់បានបណ្តាលឱ្យពលរដ្ឋបង់ក្លាដែស ៧១នាក់បាត់បង់ជីវិត និង ៥លាននាក់កំពុងរងផលប៉ះពាល់
- BY
- Pheakdey
- September 4, 2024
បង់ក្លាដែស៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារបញ្ហាទឹកជំនន់នៅក្នុងប្រទេសបង់ក្លាដែលបានកើនឡើងដល់ចំនួន ៧១នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី៣ ខែកញ្ញា។ ឥទ្ធិពលរបស់ទឹកជំនន់ក៏បានបណ្តាលឱ្យមានមានពលរដ្ឋប្រមាណជា ៥,០០០នាក់ផ្សេងទៀតត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ ក្រោយពួកគេបានកើតមានជំងឺរាគរូសធ្ងន់ធ្ងរ មានបញ្ហារមាស់ស្បែកខ្លាំង និងត្រូវពស់ចឹកជាដើម។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបង្កផលប៉ះពាល់ដោយផ្ទាល់ទៅកាន់ក្រុមប្រជាពលរដ្ឋហើយ ឥទ្ធិពលរបស់ទឹកជំនន់ក៏កំពុងបង្កឱ្យមានផលប៉ះពាល់ដោយប្រយោលទៅកាន់ប្រជាពលរដ្ឋបង់ក្លាដែសជាង ៥លាននាក់ផ្សេងទៀងផងដែរ ដូចជាពិបាកធ្វើដំណើរដោយសារផ្លូវត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់ ខកខានមិនអាចប្រកបអាជីវកម្ម និងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់ជាដើម។ សូមបញ្ជាក់ជូនថា ប្រទេសបង់ក្លាដែសបានរងឥទ្ធិពលពីជំនន់អស់រយៈពេល ២សប្តាហ៍កន្លងមកហើយ ខណៈគិតត្រឹមពេលនេះស្ថានភាពជំនន់នៅមិនទាន់ថយចុះទៅវិញនៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






