អន្តរជាតិ

មនុស្ស ២០នាក់កំពុងបាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅតំបន់ត្រីកោណរវាងប្រទេសថៃ ឡាវ និងមីយ៉ាន់ម៉ា

BY
Pheakdey
September 4, 2024

មីយ៉ាន់ម៉ា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២០នាក់កំពុងបាត់ខ្លួននៅក្នុងហេតុការណ៍មានទូកមួយគ្រឿងបានលិចទៅក្នុងទន្លេមេគង្គ ត្រង់ចំណុចត្រីកោណមាសរវាងប្រទេសឡាវ មីយ៉ាន់ម៉ា និងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី៤ ខែកញ្ញា។ គិតត្រឹមពេលគេនៅមិនទាន់អាចកំណត់អត្តសញ្ញាណរបស់ក្រុមអ្នកកំពុងបាត់ខ្លួនទាំងអស់នោះនៅឡើយទេ។

ប្រភពខាងលើបានបន្ត ទូកដែលបានជួបឧបទ្ទវហេតុខាងលើនេះគឺជាទូកសម្រាប់ដឹកអ្នកដំណើរទៅ-មក ពីទឹកដីប្រទេសឡាវឆ្ពោះទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងដឹកអ្នកដំណើរពីប្រទេសមីយ៉ាន់ម៉ាមកកាន់ទឹកដីប្រទេសឡាវវិញ។ បើតាមលោក Manop Senakul ដែលជាមេប៉ូលិសប្រចាំនៅច្រកព្រំដែននៃខេត្តឈៀងរ៉ៃ និងជាអ្នកបានឃើញហេតុការណ៍ខាងលើនេះផ្ទាល់បានឱ្យដឹងថា ទូកបានលិចនៅពេលបើកទៅដល់កន្លែងមានចរន្តទឹកហូរខ្លាំង ហើយភ្លាមៗក្រោយពេលទូកបានលិចនោះគឺគេបានជួយសង្គ្រោះអ្នកដំណើរបានចំនួន ១៦នាក់ ខណៈអ្នកដំណើរទាំងអស់នោះគឺសុទ្ធតែជាពលរដ្ឋមីយ៉ាន់ម៉ា៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: