ចិនសន្យាផ្តល់ហិរញ្ញប្បទានជាង ៥០ពាន់លានដុល្លារទៅកាន់តំបន់អាហ្វ្រិក និងបង្កើតឱកាសការងារជាង ១លានកន្លែងសម្រាប់ពលរដ្ឋអាហ្វ្រិក
- BY
- Pheakdey
- September 5, 2024
ចិន៖ ប្រទេសចិនបានសន្យាផ្តល់ហិរញ្ញប្បទានចំនួន ៥១ពាន់លានដុល្លារទៅកាន់តំបន់អាហ្វ្រិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា។ ការសន្យាផ្តល់ហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់ដ៏ច្រើននេះត្រូវបានធ្វើឡើងដោយលោកប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងឱ្យកាសដែលរូបលោកបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលមួយស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិក ដែលកំពុងរៀបចំឡើងនៅក្នុងទីក្រុងប៉េកាំង។

ថ្លែងទៅកាន់ក្រុមមេដឹកមកពីតំបន់អាហ្វ្រិកជាង ៥០ប្រទេស លោកប្រធានាធិបតី ស៊ី ជីនពីង បានបញ្ជាក់ថា ហិរញ្ញប្បទានជាង ៥០ពាន់លានដុល្លារនេះនឹងត្រូវយកទៅប្រាស់ក្នុងគម្រោងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចំនួន ៣០គម្រោងនៅទូទាំងទ្វីបអាហ្វ្រិក ហើយតាមរយៈការអនុវត្តគម្រោងទាំងអស់នេះវានឹងបង្កើតឱ្យមានឱកាសការងារជាង ១លានកន្លែងសម្រាប់ពលរដ្ឋនៅតំបន់អាហ្វ្រិកផងដែរ។ បន្ថែមពីលើនេះទៀត លោកប្រធានាធិបតី ស៊ី ជីនពីង ក៏បានថ្លែងបញ្ជាក់ផងដែរថា សេដ្ឋកិច្ចរបស់ចិនដែលមានតម្លៃរហូតដល់ ១៩ពាន់ពាន់លានដុល្លារនឹងជួយធ្វើឱ្យវិស័យពាណិជ្ជកម្មនៅអាហ្វ្រិកកាន់តែមានភាពល្អប្រសើរថែមមួយកម្រិតទៀត៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






