សែនក្រអូប០១ ពូជស្រូវកម្ពុជាល្បីឈ្មោះ នាំឆ្ពោះទៅកាន់ទីផ្សារពិភពលោក
- September 6, 2024
រាជធាណីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សែនក្រអូប០១ គឺជាពូជស្រូវស្រាល មិនប្រកាន់រដូវ ដែលបន្សុទ្ធ និងបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចុងឆ្នាំ២០១៩។ នៅចុងឆ្នាំ២០២៣ ពូជស្រូវសែនក្រអូប០១ បានទទួលពានរង្វាន់មាសពីប្រទេសចិន ដោយសារលក្ខណៈពិសេស ដូចជា ក្លិនក្រអូប គុណភាពអង្ករល្អ វែងរលូន និងបាយទន់ឆ្ងាញ់ពិសារ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលថ្មីៗមកនេះ បានលើកទឹកចិត្តប្រជាកសិករឱ្យងាកមកដាំពូជស្រូវសែនក្រអូប០១ ដោយសារពូជនេះ ផ្ដល់ទិន្នផលខ្ពស់ និងជាពិសេស វាមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។
គួរបញ្ជាក់ថាពូជស្រូវសែនក្រអូប០១ ជាពូជស្រូវស្រាលមិនប្រកាន់រដូវ ដែលធ្វើឱ្យពូជនេះអាចចេញផ្កាបានគ្រប់ពេលវេលានៅពេលដែលលក្ខខណ្ឌដាំដុះអំណោយផល។ ហេតុនេះហើយ ពូជស្រូវនេះអាចដាំដុះបានទាំងនៅដើមរដូវវស្សា ក្នុងរដូវស្សា ចុងរដូវវស្សា ស្រូវប្រដេញទឹក និងលក្ខខណ្ឌប្រាំងស្រោចស្រពក៏បាន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៥ ខែ កញ្ញា ឆ្នាំ ២០២៤នេះ បានឱ្យសាធារណៈជនរង់ចាំទស្សនាវីដេអូពាក់ព័ន្ធអំពីពូជស្រូវសែនក្រអូប០១ នៅវេលាម៉ោង៨៖០០យប់នេះ តាមរយៈបណ្ដាញសង្គមផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






