មួយសប្ដាហ៍កន្លងទៅកម្ពុជាមានទេសចរជាតិនិងអន្តរជាតិធ្វើដំណើរកម្សាន្តជាង៣២ម៉ឺននាក់
- September 6, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងរយៈពេលមួយសប្ដាហ៍ ចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅនេះ កម្ពុជាមានទេសចរជាតិប្រមាណ ២៨២ ៣០០នាក់ និងទេសចរបរទេសប្រមាណ ៤៤ ៦០០នាក់ បានធ្វើដំណើរកម្សាន្តនៅបណ្តារមណីយដ្ឋាននានា។

ប្រភពដដែលបន្តថា ក្នុងរយៈពេលដូចគ្នានេះដែរ សម្រាប់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរដែលបានលក់ជូនភ្ញៀវទេសចរបរទេសសរុបចំនួន ១០ ៩៥៦បណ្ណ និងទទួលបានចំណូលសរុប ៥០៥ ៧០២ដុល្លារអាមេរិក។
ដោយឡែកចំពោះជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាវិញសរុប ៤៥០ ជើងហោះហើរ ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ៣៤០ ជើងហោះហើរ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន ១០០ ជើងហោះហើរនិងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុមានចំនួន ១០ ជើងហោះហើរផងដែរ។
ថ្មីៗនេះដែរកម្ពុជាត្រូវបានចាត់ទុកជាគោលដៅវប្បធម៌ឈានមុខគេនៅអាស៊ីសម្រាប់ឆ្នាំ ២០២៤ ដោយស្ថាប័នពានរង្វាន់ទេសចរណ៍ពិភពលោក។ នេះជាលើកទីបួនហើយដែលកម្ពុជាបានឈ្នះពានរង្វាន់ដ៏អស្ចារ្យនេះ។
ទន្ទឹមនេះរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ទី១៧ ខែកញ្ញា នៅរាជធានីភ្នំពេញ និងខេត្តសៀមរាបនឹងមានរៀបចំព្រឹត្តិការណ៍ “Gumball 3000 Rally in Cambodia” ដែលព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រមទាំងដើម្បីចូលរួមគាំទ្រយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤” “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១” និងជាការជំរុញទេសចរណ៍ក្នុងស្រុក ក៏ដូចជាគាំទ្រយុទ្ធសាស្ត្រ “បង្កើន៥ និងអភិវឌ្ឍ៣” របស់ក្រសួងទេសចរណ៍៕










ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






