Circle K មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ! និង មហិច្ឆិតាបើកសាខាអាកាសយានដ្ឋានសៀមរាបនិងក្រុងព្រះសីហនុបន្ថែម
កាលពីព្រឹកថ្ងៃសុក្រ ទី12 ខែមេសា ឆ្នាំ 2019នេះ Circle K បានកាត់ខ្សែបូរសម្ពោធជាផ្លូវការនូវសាខាថ្មីនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលនឹងបើកដំណើរការជាស្ថាពរចាប់ពីពេលនេះតទៅហើយ។
សាខាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះ គឺជាសាខាទី 21 ក្នុងរយៈពេលត្រឹមតែ 2 ឆ្នាំប៉ុណ្ណោះបន្ទាប់ពី Circle K ឈានជើងចូលមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ 2017 ហើយសាខានេះមានទីតាំងនៅបរិវេណស្ថានីយ៍អ្នកមកដល់ Arrival Terminal នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះដែល ដែលគេរំពឹងទុកថានឹងទទួលបានការគាំទ្រនឹងផ្ដល់ភាពងាយស្រួលដល់ភ្ញៀវដែលធ្វើដំណើរមកដល់ អ្នកចាំទទួលភ្ញៀវ និងបុគ្គលិកធ្វើការនៅក្នុងអាកាសយានដ្ឋានផងដែរ។
នៅក្នុងការបើកសម្ពោធថ្មីនេះ លោក Steven Yos នាយកប្រតិបត្តិនៅក្រុមហ៊ុន TH CVS Co., LTD, ដែលបាននាំចូលនិងគ្រប់គ្រង់ Circle K នៅកម្ពុជា ក៏បានចូលរួមផ្ដល់ជាកិត្តិយសនិងបកស្រាយទាក់ទងនឹងការសម្រេចបើកសាខានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះផងដែរ។ លោក Steven បានមានប្រសាសន៍ថា “ទីតាំងអាកាសយានដ្ឋាននេះគឺជាទីតាំងដ៏ល្អឥតខ្ចោះសំរាប់ពួកយើង។ Circle K គឺជាមិត្តសំលាញ់របស់អ្នកធ្វើដំណើរគ្រប់រូបព្រោះនៅពេលដែលអ្នកធ្វើដំណើរ អ្នកមិនមានរបស់ជាប់ខ្លួនច្រើនទេដូច្នេះពួកយើងអាចជួយអ្នកបាន មិនថាឡើយជាសេវាកម្មផ្សេងៗ នំ ចំណី ឬភេសជ្ជឡើយ”។
គាត់ក៏បានបន្ថែមទៀតផងដែរថា ដោយគាត់បានសង្កេតឃើញអាកាសយានដ្ឋានបរទេសភាគច្រើនដែលមានម៉ាតដល់ទៅ 3-4 ហើយសំរាប់ភ្ញៀវទេសចរណ៍ភាគច្រើន ម៉ាតនៅក្នុងអាកាសយានដ្ឋានគឺជាការដក់ជាប់ក្នុងចិត្តដំបូងបំផុតពេលឈានជើងចូលដំបូងចូលប្រទេសមួយ ដូច្នេះគាត់សង្ឃឹមថាសាខា Circle K នេះនឹងធ្វើឲភ្ញៀវទេសចរណ៍មានអារម្មណ៍ទទួលស្វាគមន៍ហាក់ដូចជានៅប្រទេសផ្ទាល់ខ្លួន ដោយCircle K គឺជាប្រ៊េនម៉ាតអន្តរជាតិដែលត្រូវបានទទួលស្គាល់និងល្បីល្បាញជុំវិញពិភពលោក។ បន្ដទៅថ្ងៃអនាគត Circle K ក៏មានមហិច្ឆិតាពង្រីកខ្លួនដល់អាកាសយាសដ្ឋានសៀមរាបនិងក្រុងព្រះសីហនុផងដែរ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមួយសាខាទៀតគឺនៅខាងស្ថានីយ៍ចេញដំណើរ Depature Terminal មួយទៀត។
ចុងក្រោយលោក Steven ក៏បានប្រកាសពីមហិច្ឆិតានិងគោលការណ៍របស់ Circle K ដែលចង់ពង្រីកសក្ដានុពលនិងវិសាលភាពឲបានពាសពេញប្រទេសកម្ពុជារហូតដល់ 300 សាខាត្រឹមឆ្នាំ 2026 ខាងមុខនេះ។
បើនិយាយចំណុចដែលធ្វើឲ Circle K ខុសពីម៉ាតទូទៅគឺការផ្ដល់នូវភាពងាយស្រួលនិងសេវាកម្មសំបូរបែបជូនភ្ញៀវ 24 ម៉ោង ដោយបុគ្គលិកដែលមានជំនាញនិងឆ្លង់កាត់ការហ្វឹកហាត់ត្រឹមត្រូវ និងមានភាពរួសរាយរាក់ទាក់ ផ្គត់ផ្គត់ជូនភ្ញៀវគ្រប់វ័យ និង ជាតិសាសន៍ នូវ ចំណីអាហារឆ្អិនស្រាប់ ប្រព័ន្ធWIFI ដោយឥតគិតថ្លៃ សេវាបង់ថ្លៃទឹក ភ្លើង អ៊ិនធឺនែត ទូរស័ព្ទ ខ្សែកាបនិងការទូទាត់សេវាផ្ទាល់ខ្លួនផ្សេងៗ សេវាបញ្ចូលលុយទូរស័ព្ទ សេវាផ្ញើរឥវ៉ាន់និងដឹកជញ្ចូន សេវាធនាគារ ATMដកនិងដាក់សាច់ប្រាក់ និងកន្លែងដែលភ្ញៀវអាចអង្គុយសំរាកយ៉ាងធំទូលាយនិងមានផាសុកភាពផងដែរ។ បន្ថែមទៀតនោះ Circle K ក៏មានទីតាំងធំទូលាយនៅតំបន់ទីប្រជុំជន សាលា ក្រុមហ៊ុននិងទេសចរណ៍ផ្សេងៗផងដែរទាំងនៅរាជធានីភ្នំពេញ និង ខេត្តនានា។
Circle K មានដើមកំណើតមកពីសហរដ្ឋអាមេរិកដែលបើកដំបូងនៅឆ្នាំ 1951 ហើយមកទល់សព្វថ្ងៃនេះ Circle K មានសាខាជាង 16,000 ទូទាំងពិភពលោកដូចជាប្រទេសកាណាដា ហុងកុង ឌូបៃ ឥណ្ឌូណេសុី ហុងកុង ម៉ាកាវ គ័ងចូវ និងវៀតណាមជាដើម។