អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតដោយសារព្យុះ Yagi នៅវៀតណាម កើនឡើងជិតដល់ ២០០នាក់ ខណៈ ១២៨នាក់កំពុងបាត់ខ្លួន

BY
Pheakdey
September 12, 2024

វៀតណាម៖ ​តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Yagi នៅក្នុងតំបន់ភាគខាងជើងប្រទេសវៀតណាមបានកើនឡើងរហូតដល់ ​១៩៧នាក់ហើយ​ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា។ ទន្ទឹមគ្នានេះចំនួនពលរដ្ឋដែលកំពុងបាត់ខ្លួនវិញក៏មានច្រើនគួឱ្យកត់សម្គាល់ផងដែរ ពោលគឺមានរហូតដល់ ១២៨នាក់។

ប្រភពខាងលើបានបន្តថា ក្រៅតែពីមានការកើនឡើងនៃចំនួនអ្នកស្លាប់និងបាត់ខ្លួនហើយ តួលេខនៃអ្នករងរបួសក៏មានការកើនឡើងខ្ពស់ផងដែរ ដោយគិតត្រឹមពេលនេះអ្នករងរបួសសរុបមានចំនួនជាង ៨០០នាក់។ បើតាមអាជ្ញាធរវៀតណាមបញ្ជាក់ថា ព្យុះទីហ្វុង Yagi នឹងបន្តជះឥទ្ធិពលអាក្រក់ក្នុងរយៈពេលជាច្រើនថ្ងៃបន្ថែមទៀត ហើយអ្វីដែលជារឿងគួរឱ្យព្រួយបារម្ភកាន់តែខ្លាំងបន្ថែមទៀតនោះគឺលទ្ធភាពនៃការកើតមានទឹកជំនន់ដ៏ធ្ងន់ធ្ងរមួយ ដ្បិតកម្ពស់ទឹកនៅក្នុងទន្លេក្រហមបានឡើងប្រៀបស្ទើរតែធ្លាយចេញទៅកាន់សហគមន៍រស់នៅរបស់ប្រជាពលរដ្ឋទៅហើយ ខណៈភ្លៀងនៅតែបន្តធ្លាក់យ៉ាងខ្លាំង៕

 អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: