អាមេរិកអនុម័តវ៉ាក់សាំងការពារជំងឺផ្តាសាយថ្មីមួយប្រភេទ ដែលពលរដ្ឋអាចទិញយកទៅប្រើប្រាស់ដោយខ្លួនឯងនិងមិនចាំបាច់ត្រូវការជំនួយពីគ្រូពេទ្យនោះទេ
- BY
- Pheakdey
- September 21, 2024
អាមេរិក៖ រដ្ឋបាលផ្នែកចំណីអាហារនិងឱសថអាមេរិកបានអនុម័តឱ្យប្រើប្រាស់នូវវ៉ាក់សាំងការពារជំងឺផ្តាសាយថ្មីមួយប្រភេទ ដែលពលរដ្ឋអាចទិញយកទៅប្រើប្រាស់ដោយខ្លួនឯងបានដោយមិនចាំបាច់ត្រូវការជំនួយពីគ្រូពេទ្យនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២១ ខែកញ្ញា។ វ៉ាក់សាំងប្រភេទថ្មីនេះមានឈ្មោះថា FluMist ត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុនផលិតឱសថ AstraZeneca។

ប្រភពខាងលើបានបន្តថា វ៉ាក់សាំង FluMist ត្រូវបានរចនាឡើងក្នុងទម្រង់ដូចជាស៊ឺរ៉ាំងសម្រាប់ចាក់ថ្នាំ តែគ្មានម្ជុលនោះទេ ហើយក្នុងពេលប្រើប្រាស់គេគ្រាន់តែបាញ់វ៉ាក់សាំងនេះចូលទៅក្នុងច្រមុះគឺជាការស្រេច។ សម្រាប់មនុស្សធំពេញវ័យគឺពួកគេអាចបាញ់វ៉ាក់សាំងនេះចូលទៅក្នុងច្រមុះដោយខ្លួនឯងតែម្តង ដោយមិនចាំបាប់ត្រូវការជំនួយពីអ្នកណាម្នាក់នោះទេ តែសម្រាប់ក្មេងៗទំនងជាត្រូវការជំនួយពីឪពុកម្តាយបន្តិច។ យ៉ាងណាក្តី វត្តមានរបស់វ៉ាក់សាំង FluMist នឹងជួយសម្រួលមិនឱ្យអ្នកប្រើប្រាស់ត្រូវចំណាយពេលទៅមន្ទីរពេទ្យ និងចាំបាច់ត្រូវការជំនួយពីក្រុមគ្រូពេទ្យដូចកាលពីមុនទៀតនោះទេ។ សូមបញ្ជាក់ជូនថា វ៉ាក់សាំង FluMist ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ចំពោះពលរដ្ឋដែលមានអាយុចាប់ពី ២ឆ្នាំរហូតដល់៤៩ឆ្នាំ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






