អន្តរជាតិ

ជប៉ុនណែនាំឱ្យពលរដ្ឋជិត​ ៥ម៉ឺននាក់ធ្វើការជម្លៀសខ្លួន ដើម្បីរក្សាសុវត្ថិភាពពីទឹកជំនន់និងបញ្ហាបាក់ដី

BY
Pheakdey
September 21, 2024

ជប៉ុន៖ អាជ្ញាធរជប៉ុនបានណែនាំឱ្យពលរដ្ឋរាប់ម៉ឺននាក់ត្រូវធ្វើការជម្លៀសខ្លួនជាបន្ទាន់ដើម្បីការពារគ្រោះថ្នាក់ពីបញ្ហាទឹកជំនន់និងបញ្ហាបាក់ដី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២១ ខែកញ្ញា។​ បើតាមទីភ្នាក់ងារឧតុនិយមជប៉ុនបានឱ្យដឹងថា គ្រោះធម្មជាតិទាំង ២ខាងលើនេះអាចនឹងកើតមានឡើងយ៉ាងឆាប់រហ័សដោយគេមិនអាចរំពឹងទុកជាមុនបាននោះទេ ខណៈកត្តាដែលជំរុញឱ្យមានគ្រោះធម្មជាតិនេះគឺដោយសារមានភ្លៀងធ្លាក់ខ្លាំងនិងជាច្រើនថ្ងៃជាប់ៗគ្នា។

បើតាមលោក Masaru Kojima ដែលជារដ្ឋមន្ត្រីក្រសួងដែនដីជប៉ុនបានបញ្ជាក់ថា តំបន់ដែលជាទីកន្លែងងាយរងគ្រោះពីការវាយប្រហារដោយបញ្ហាទឹកជំនន់និងបញ្ហាបាក់ដីគឺមានដូចជាទីក្រុង Wajima ទីក្រុង​ Suzu និងតំបន់ Noto ដែលនៅក្នុងទីតាំងទាំង ៣នេះគឺមានពលរដ្ឋកំពុងរស់នៅជាង ៤៤,៧០០នាក់។ ប្រភពខាងលើបានបន្តថា ក្រោយមានការជូនដំណឹងពីសំណាក់អាជ្ញាធរជប៉ុន ពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ងាយរងគ្រោះទាំង ៣ទីតាំងខាងលើនេះ បាននាំគ្នាធ្វើការជម្លៀសខ្លួនជាបន្តបន្ទាប់ តែយ៉ាងណាក្តីរហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយបង្ហាញថា មានពលរដ្ឋជប៉ុនណាម្នាក់បានរងគ្រោះថ្នាក់នៅឡើយទេ៕

 អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: