អន្តរជាតិ

ពលរដ្ឋជប៉ុនម្នាក់បានបាត់បង់ជីវិត និង ៦នាក់កំពុងបាត់ខ្លួន ដោយសារទឹកជំនន់និងបញ្ហាបាក់ដី

BY
Pheakdey
September 22, 2024

ជប៉ុន៖  ដូចការព្យាករណ៍ទុករបស់ទីភ្នាក់ងារឧតុនិយមមែន នៅក្នុងថ្ងៃអាទិត្យ ទី២២ ខែកញ្ញានេះ ទឹកជំនន់និងបញ្ហាបាក់ដីបានចាប់ផ្តើមវាយប្រហារប្រទេសជប៉ុនហើយ ក្រោយមានភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលជាច្រើនថ្ងៃកន្លងមក នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia។ ទីតាំងដែលកំពុងរងការវាយប្រហារដោយបញ្ហាទឹកជំនន់និងបញ្ហាបាក់ដីនោះមានដូចជាទីក្រុង Wajima ទីក្រុង​ Suzu និងតំបន់ Noto​ ដែលស្ថិតនៅភូមិភាគកណ្តាល នៃប្រទេសជប៉ុន។

បើតាមអាជ្ញាធជប៉ុនបានឱ្យដឹងថា គិតត្រឹមពេលនេះគ្រោះធម្មជាតិខាងលើបានបណ្តាលឱ្យមានពលរដ្ឋជប៉ុនម្នាក់ត្រូវស្លាប់បាត់បង់ជីវិត ខណៈចំនួន ៦នាក់ផ្សេងទៀតកំពុតតែបាត់ខ្លួន។ ប្រភពខាងលើនេះបានបន្តថា ចំនួនអ្នកស្លាប់ឬរងរបួសអាចបន្តកើនឡើងជាច្រើននាក់បន្ថែមទៀត ដ្បិតទឹកជំនន់និងបញ្ហាបាក់ដីនឹងបន្តកើតឡើងក្នុងរយៈពេលជាច្រើនថ្ងៃទៀត ហើយអាចកើតឡើងយ៉ាងឆាប់រហ័សដោយគេមិនអាចត្រៀមការពារខ្លួនទុកជាមុនបាននោះទេ។ គួររម្លឹកជូនថា កាលពីថ្ងៃម្សិលមិញនេះអាជ្ញាធរជប៉ុនបានណែនាំឱ្យពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ងាយរងគ្រោះខាងលើប្រមាណជា ៤៤,៧០០នាក់ត្រូវធ្វើការជម្លៀសខ្លួនជាបន្ទាន់ដើម្បីរក្សាសុវត្ថិភាព តែយ៉ាងណាក្តីគិតត្រឹមពេលនេះគឺពលរដ្ឋតែមួយចំនួនប៉ុណ្ណោះដែលបានធ្វើការជម្លៀសខ្លួនតាមការណែនាំ៕

អត្ថបទ៖ ភក្តី

ប្រភព៖  Channel News Asia

Share This Post: